(ព្រះវិហារ)៖ ផ្លូវក្រាលកៅស៊ូប្រភេទ DBST មូយខ្សែប្រវែង១៧គីឡូម៉ែត្រ តភាប់ពីផ្លូវជាតិលេខ៦២ មកស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ហើយ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោកមាស សុភា បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូ អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប។ លោកថា ជាក់ស្តែងផ្លូវក្រាលកៅស៊ូ DBST មួយខ្សែដែល ធ្វើពិធីសម្ភោធនៅពេលនេះ គឺកើតឡើងដោយការខិតខំយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាំងពីភូមិ ឃុំ ស្រុក ខេត្ត រហូតថ្នាក់ជាតិ ក្នុងគោលបំណងជួយសម្រួលការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋស្រុកសង្គមថ្មី។
លោកមាស សុភា បានបន្តទៀតថា សមិទ្ធិផលដែលកើតឡើងនៅចំពោះមុខយើងនេះ គឺកើតឡើងដោយមិនបានសន្យានោះទេ ហើយក៏កើតឡើងដោយមិនមានអ្នកណាចេះជប់នោះដែរ គឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់គណបក្សប្រជនកម្ពុជា។
លោកបានបន្ថែមថា ចំណុចនេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការពិចារណាឲ្យបានត្រឹមត្រូវ ព្រោះជិតដល់ថ្ងៃបោះឆ្នោតមានគណបក្សខ្លះបានដើរសន្យាថា បើគេឈ្នះឆ្នោតគេនឹងធ្វើនេះធ្វើនោះជូន ដែលចំណុចនេះសូមបងប្អូនប្រជាពលរដ្ឋកុំជឿឲ្យសោះ ព្រោះការសន្យារបស់គេ គឺមិនពិតនោះទេ។ លោកបន្តថា ជាក់ស្តែងលើកមុនមានគណបក្សខ្លះសន្យាថាបើគេឈ្នះឆ្នោតគេឲ្យមួយឃុំ ៥០ម៉ឺនដុល្លាក្នុងមួយឆ្នាំ ចំណែកចាស់ជរាក្នុងម្នាក់ជូន ៤០០០០រៀលក្នុងមួយខែ តែរហូតមកដល់ថ្ងៃនេះមិនមានជាការពិតនោះទេ។ ដោយឡែកគណបក្សប្រជាជនកម្ពជា មិនដែលសន្យានោះទេ ធ្វើគ្រប់ទីកន្លែងទាំងអស់ដោយមិនរុញរាដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកមាស សុភា បានគូសបញ្ចាក់ថា គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស ៥អាណត្តិហើយ និងឈានទៅដឹកនាំប្រទេសនៅអាណត្តិទី៦ទៀត។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺប្រទេសជាតិយើងបានទទួលនូវសុខសន្តិភាព និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលករណីនេះសូមបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
លោកមាស សុភា បានជម្រាបប្រជាពលរដ្ឋទៀតថា ថ្ងៃនេះសម្ភោធផ្លូវក្រាលកៅស៊ូ១៧គីឡូម៉ត្រ ប៉ុន្តែថ្ងៃក្រោយនឹងចាប់ផ្តើមសាងសង់ផ្លូវកៅស៊ូប្រវែង ២៤គីឡូម៉ែត្រទៀតពីស្រុកសង្គមថ្មីទៅប្រាសាទព្រះខ័ន។
សូមបញាក់ថាផ្លូវក្រាលកៅស៊ូ DBST ប្រវែង១៧គីឡូម៉ែត្រ ដែលធ្វើពិធីសម្ភោធនៅពេលនេះ គឺបានលាតសន្ធឹងពីភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករៀងមកដល់ភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី។ ការសាងសង់នេះចាប់ផ្តើមពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ និងបានសាងសង់រួចរាល់នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ ដោយចំណាយថវិការសរុប១,៥៥៨,៧៩២ដុល្លាអាមេរិក៕