(សៀមរាប)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំទិវាមច្ឆជាតិ ០១កក្កដា លើកទី១៦ នៅកសិណប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពសម្តេចសេនាពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញតិ្ត ទេសរដ្ឋ មន្រ្តី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរខេត្ត មន្រ្តីរាជការ សហភាពសហព័ន្ធយុវជន យុវជនកាកបាតក្រហម យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង ៥០០០នាក់ យ៉ាងច្រើនកុះករ ញាំងឲ្យពិធីនេះមានភាពអធិកអធមក្រៃលែង។
មានមតិស្វាគមន៍ និងអានរបាយការណ៍ជូនអង្គពិធីជ្រាប លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ជូនពីគោលបំណងដ៏សំខាន់នៃទិវានេះគឺ៖
១៖ បំផុស និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃធនធានជលផល ចូលរួមថែរក្សា អភិរក្សពូជត្រីសំខាន់ៗដែលជិតផុតពូជ និងជីវៈចម្រុះគ្រប់ប្រភេទឲ្យបានគង់វង្ស។
២៖ បង្កើនធនធានជលផលនៅតាមបឹង ស្ទឹង ទន្លេ ព្រែក ស្រះ សហគមន៍ ត្រពាំងដើម្បីធានានិរន្តរភាពនៃការនេសាទបែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជា នេសាទឲ្យកាន់តែប្រសើរឡើង។
សូមជម្រាបផងដែរថា ក្នុងទិវាមច្ឆជាតិនាឆ្នាំនេះ ត្រីមេពូជចម្រុះចំនួនជាង ១លានក្បាល ក្នុងនោះមានត្រីឆ្ពិន ត្រីព្រលូន ត្រីកាហែ ត្រីប្រា ត្រីកន្ធរ ត្រីគល់រាំង អណ្តើក និងកន្ធាយ ត្រូវបានលែងឲ្យលូតលាស់ធំធាត់ និងបន្តពូជក្នុងកសិណប្រាសាទអង្គរវត្ត៕