(ស្វាយរៀង)៖ ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកធ្វើដំណើរ ឆ្លងកាត់ស្ពានចាស់ទ្រុធទ្រោមចំនួន២ នៅស្រុកស្វាយទាប នាពេលកន្លងទៅ ពេលនេះរដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងដោះស្រាយហើយ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រួមដំណើរដោយ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ មើលការដ្ឋានសាងសង់ស្ពានចំនួន៣កន្លែង នៅក្នុងស្រុកស្វាយទាប និងក្រុងស្វាយរៀង។

ទីតាំងស្ពានទាំងបីកន្លែងរួមមាន៖

១៖ ស្ពានដាឡូព្រែកតានូ ស្ថិតនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប មានបណ្តោយ៨ម៉ែត្រ ជាថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។

២៖ ស្ពានតាភូមិ (ស្ពានបេឡេ) មានបណ្តោយ២៤ម៉ែត្រ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ជាថវិការបស់រដ្ឋបាលខេត្តស្វាយរៀង។

៣៖ ស្ពានតាហោ (ស្ពានបេតុង) មានបណ្តោយ៧៣ម៉ែត្រ ស្ថិតនៅសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង សាងសង់ ដោយកងវិស្វកម្ម។

ថ្លែងនៅក្នុងការអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពានទាំង៣ខាងលើនេះ លោកអភិបាលខេត្តបានឱ្យដែរដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញការកសាង និងអភិវឌ្ឍន៍ហេត្ថារចនាសម្ព័ន្ធផ្លូវស្ពាន ចាប់ពីទីក្រុងដល់ជនបទ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបន្តថា បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានផ្លូវស្ពានតភ្ជាប់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ដែលជាសសៃរឈាមសេដ្ឋកិច្ច ក្នុងការរួមចំណែកកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋយ៉ាងសំខាន់។

ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ បានសម្តែងនូវក្តីរំភើបរីករាយខ្លាំង ជាមួយសមិទ្ធិផលថ្មី ដែលបង្ហាញឲ្យឃើញពីការយកចិត្ត ទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានទៅលើសុខទុក្ខរបស់ពួកគាត់៕