(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយ សមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ជាលើកទី២ ចំនួន២៥០នាក់ ដើម្បីត្រៀមលក្ខណៈឈាន ទៅការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ ។
នាឱកាសនោះដែរលោកស្រី ខៀវ ទេព រង្សី កាញារីទ្ធ ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៏សាខាក្រសួងព័ត៌មាន បានលើកឡើងថា សមាជិក សមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ជាមន្ត្រីរាជការនៃបណ្តារាជ ធានី-ខេត្តទាំង២៥។
តំណាងអោយសមាជិកាសមាគមនារីក្រសួងព័ត៌មាន លោកស្រី ខៀវ ទេព រង្សី កាញារីទ្ធ ថ្លែងអំណរគុណលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តួចផ្តើមឲ្យមានការទទួលទានអាហារសាមគ្គីនេះឡើង ដើម្បីទទួលយកនូវមតិសំណេះសំណាលល្អ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ស្ត្រីក្នុងវិស័យសារព័ត៌មាន បានចូលរួមផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋពីគ្រប់ទិសទី នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ និងចូលរួមចលនា មហាជននិងសមរភូមិមុខ និងបង្កើតកម្មវិធីសម្លេងអំពាវនាវ «នាទីឃោសនា ជនវង្វែងផ្លូវ» ដល់ប្រពលរដ្ឋដែលចាញ់ឃោសនា ខ្មែររបបខ្មែរក្រហមឲ្យវិលមករួមរស់ក្នុងសង្គមជាតិវិញ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឱ្យអង្គការចាត់តាំងរបស់ខ្មែរក្រហម ត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និងបង្កើតបានសុខសន្តិភាព និងការអភិវឌ្ឍចាប់ តាំងពីចុងឆ្នាំ១៩៩៨មក នេះគឺជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចបំភ្លៃបាន។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឱ្យមានសន្ដិភាពឆ្ពោះទៅរកការអភិវឌ្ឍ ដើម្បីបម្រើប្រជាជន កសាង និងការពារប្រទេសឱ្យបាន ធានាកំណើនសេដ្ឋកិច្ច និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ ជាពិសេស អ្វីដែលជាការពិតមិនអាចប្រ កែកបាន គឺ «មរតកតេជោ» គឺជាសន្តិភាព ការបង្រួបបង្រួមជាតិ និងការកសាងសេដ្ឋ កិច្ចចេញពីភាពខ្ទេចខ្ទាំនៃភ្លើង សង្គ្រាមដែលបានមកពីការធ្វើពលិកម្ម និងការប្រឹងប្រែងរបស់សម្ដេចតេជោ រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត និងរួមជាមួយប្រជាពលរដ្ឋផងដែរ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា នៅសល់រយៈពេល៦ថ្ងៃទៀត យុទ្ធនាការឃោសនាគណបក្សនយោបាយនឹងមកដល់ គឺនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ នៅថ្ងៃទី៧ ខែកក្កដានោះដែរ នឹងមានការអបរអរសាទរ នៃនយោបាយឈ្នះ ឈ្នះ ២០ឆ្នាំ និងសមិទ្ធិផលដែលសម្រេចបានដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងការបង្រួបបង្រួមជាតិ២ធ្នូ ឆ្នាំ១៩៧៨។ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារនយោបាយនៅក្នុងឱកាសបើក ថ្ងៃយុទ្ធនាការឃោសនៅកោះពេជ្រ នាថ្ងៃទី៧ ខែកក្កដា សប្តាហ៏ខាងមុខ។
ជាមួយគ្នានោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ទៅបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដានាពេលខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេស កាន់តែរីកចម្រើនថែមទៀត៕