(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរខេត្តប៉ៃលិន បានបើកការដ្ឋានជួសជុលផ្លូវលំចំនួន២ខ្សែ ប្រវែង៩០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋភូមិស្រែអន្ទាក់ ភូមិកោះកែវ ឃុំសាលាក្រៅ និងភូមិភ្នំក្រិញ ភូមិបាយសី ឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធិផលនានា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការជួសជុលផ្លូវលំ ២ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
លោក ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះ ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង។
បើតាមរបាយការណ៍របស់លោក យ៉ាន់ អិត នាយកទីចាត់ការផែនការវិនិយោគខេត្ត បានឱ្យដឹងថា ផ្លូវលំ ២ខ្សែ ដែលបើកការដ្ឋានជួសជុលនាពេលនេះ គឺខ្សែទី១ មានប្រវែង ៥២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិកោះកែវ និងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ដោយផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៣៤៨គ្រួសារ និងខ្សែទី២ មានប្រវែង ៣៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិភ្នំក្រិញ និងភូមិបាយសី ឃុំស្ទឹងត្រង់ ដោយផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ២៥២គ្រួសារ ដោយអនុវត្តន៍គម្រោងរយៈពេលចំនួន ២ខែ និងកសាងប្រឡាយសងខាងផ្លូវផងដែរ៕