(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នឹងដឹកនាំសាស្ត្រាចារ្យ និងនិស្សិតចំនួន ១៥នាក់ ចេញដំណើរនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ទៅចូលរួមធ្វើសន្និសីទ មហាអនុតំបន់មេគង្គ នៅប្រទេសថៃ។

លោក មួន វាសនា បានឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សា និងចូលរួមសន្និសីទអន្តរជាតិលើកទី៥ នៃមហាអនុតំបន់មេគង្គឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាស្ថាន រ៉ាចាផាក ទីក្រុងបាងកក ប្រទេសថៃនេះ នឹងមានការចូលរួមពីគណៈកម្មការគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម សរុបចំនួន១៦នាក់ ដើម្បីស្វែងយល់ចំណេះដឹង អំពីការស្រាវជ្រាវ វិទ្យាសាស្ត្រ ការគ្រប់គ្រង និងសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍន៍ របស់បណ្តាវាគ្មិន ជាច្រើន មកពីបណ្តាប្រទេសផ្សេងៗ ឲ្យទទួលបាននូវចំណេះដឹងបន្ថែម និងធ្វើការផ្លាស់ប្តូរ នូវវប្បធម៌ អរិយធម៌ជាមួយបណ្តាប្រទេសផ្សេងៗផងដែរ។

ជាមួយគ្នានោះ វិទ្យាស្ថានស្រាវជ្រាវ វេទមហាឬសី (MVRI) នៅប្រទេសអូស្ត្រាលី ដែលមានអនុសារណៈយោគយលគ្នាជាផ្លូវការជាមួយ UME បានជ្រើសតាំង លោក មួន វាសនា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល ជាវាគ្មិន ដើម្បីធ្វើបទឩទ្ទេសនាម ពីលទ្ធផលនៃការស្រាវជ្រាវ ស្តីពីការអប់រំ និងសេដ្ឋកិច្ចផងដែរ។

លោក មួន វាសនា បានបញ្ជាក់ទៀតថា ក្នុងសន្និសីទនោះ ក៏មានការចូលរួមពីវាគ្មិនពីបណ្តាប្រទេសជាច្រើន ធ្វើការចែករំលែក បកស្រាយនៃការស្រាវជ្រាវ លើប្រធានបទដូចជា ឱកាសការប្រកួតប្រជែងសម្រាប់អាជីវកម្មខ្នាតតូច សេដ្ឋកិច្ចអាស៊ី និងសេដ្ឋកិច្ចពិភពលោក បច្ចេកវិទ្យាព័ត៌មាន និងការធ្វើអាជីកម្មតាមប្រព័ន្ធអេឡិចត្រូនិច ការស្រាវជ្រាវ និងការអភិវឌ្ឍន៍សហគ្រាសជាដើម។

ជាមួយគ្នានេះ កញ្ញា ហេង វីនតា ជានិស្សិតសាកលវិទ្យាល័យ UME ជំនាញផ្នែកគណិតវិទ្យា បានថ្លែងថា នាងមានសេចក្តីរីករាយជាខ្លាំង ដែលបានរួមដំណើរ ធ្វើទស្សនកិច្ច សិក្សា នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំសន្និសីទ អន្តរជាតិលើកទី៥ នៃមហាអនុតំបន់មេគង្គ ឆ្នាំ២០១៨ ដោយនាងរំពឹងទុកថា នឹងបានស្វែងយល់ចំណេះដឹងជាច្រើន បន្ថែម ក៏ដូចជាបានស្គាល់នូវវប្បធម៌ អរិយធម៌ ប្រទេសផ្សេងៗទៀតផងដែរ៕