(កំពង់ធំ)៖ លោកជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធានគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ សមាជិកបក្សខេត្ត សមាជិកគណៈអចិន្ត្រៃគណបក្សខេត្ត និងក្រុមការងារចុះជួយថ្នាក់កណ្តាល ប្រមាណជាង២០០នាក់ ដើម្បីបង្ហាញសមាសភាព បេក្ខជនតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ នៃគណបក្សប្រជាជនកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកថ្លែងថា ប្រជាពលរដ្ឋពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ជាអ្នកបោះឆ្នោតផ្ទាល់ ហើយសន្លឹកឆ្នោតរបស់តំណាងរាស្ត្រមួយសន្លឹក មានតម្លៃស្មើនឹងឆន្ទៈរបស់ប្រជាពលរដ្ឋជាង៥ម៉ឺននាក់ ដែលគាំទ្រគណបក្ស ហើយសន្លឹកឆ្នោត ១សន្លឹកៗនេះ មានតម្លៃខ្ពស់ណាស់។

លោកបន្តថា ដូច្នេះសូមបេក្ខជនតំណាងរាស្ត្រទាំង១២រូប ខិតខំធ្វើការងារបម្រើ ប្រជាពលរដ្ឋប្រកបដោយការជឿទុកចិត្ត មានភាពជឿជាក់ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។ ហើយគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយ ដើម្បីកសាងការពារមាតុភូមិ ដែលបានធ្វើឲ្យទីក្រុង និងជនបទ នៅទូទាំងប្រទេស បានផ្លាស់ប្តូរក្នុងដំណើររីកចម្រើនយ៉ាងលឿន ប្រកបដោយចីរភាព ជាពិសេសនៅក្នុងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ឆ្នាំ២០១៨ -២០២៣ បានលើកយកការលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមកដោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានសន្ទុះកាន់តែខ្លាំងជាងមុន ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ។

លោក សុខ លូ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអានសុន្ទរកថាស្វាគមន៍ គណៈអធិបតី និងបានលើកឡើងថា បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្របខណ្ឌខេត្តកំពង់ធំ ដែលត្រូវបានជ្រើសតាំងយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាតំណាងរាស្ត្រក្នុងតំណែង, សមាជិកក្រុមការងារ, និងមន្ត្រី និងយុវជនសំខាន់ៗក្នុងខេត្ត មានលក្ខណសម្បត្តិស្របតាមការកំណត់ក្នុងច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងមានសមត្ថភាព និងសីលធម៌ អាចចូលរួមកសាងប្រទេសជាតិឲ្យរីកចម្រើន និងរុងរឿងបាន។

ជាមួយគ្នានេះលោក ជា ចាន់តូ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរីភាព ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោកបញ្ជាក់ថា ប្រកាសណែនាំ បង្ហាញមុខបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ និងបម្រុងសម្រាប់ខេត្តកំពង់ធំទាំង១២រូប ក្នុងនោះពេញសិទ្ធិចំនួន ៦នាក់ គឺទី១៖ លោកងួន ញ៉ិល, ទី២ លោក ថោង ខុន, ទី៣ លោក ជា អឿង, ទី៤ លោក យឹម លាត, ទី៥ លោក ឃឹង នុភាព និងទី៦ លោក នង វាសនា។ ចំពោះបេក្ខជនបម្រុងមាន, ទី១៖ លោកស្រី លឹម ផល្លា, ទី២ លោក អ៊ុន ប៊ុនហាន, ទី៣ លោក ឆាង កង, ទី៤ លោក យ៉ូវ សេងគុណ, ទី៥ លោក កើត រ័ត្ន និងទី៦ លោក អៀង សុភាព។

ចុងក្រោយ លោកសូមអំពាវនាវជាឱឡារឹកជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមទាំងប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ៕