(ខេត្តព្រះសីហនុ)៖ លោក ប៉ុល សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាលចុះជួយ ខេត្តព្រះសីហនុ បានប្រាប់ឲ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានប្រឌិតរបាយការណ៍ ចោទប្រកាន់លើកងយោធពលខេមរភូមិន្ទ ត្រូវសិក្សាឱ្យបានច្បាស់ អំពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៤ ស្តីអំពីការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ហើយកឋាខណ្ឌ១ នៃមាត្រា២៥ ចែងថា មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបុព្វជិតសាសនា ដែលមានបំណងឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោត ជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។

ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ត្រូវបានធ្វើឡើង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកទី១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាលជាមួយលោគ្រូអ្នកគ្រូ និងមន្រី្តសុខាភិបាលទូទាំង ខេត្តព្រះសីហនុសរុបរួម ចំនួន៨៩៦នាក់ ដើម្បីបង្ហាញសមាសភាពបេក្ខជនតំណាងរាស្ត្រ មណ្ឌលខេត្តព្រះសីហនុ នៃគណបក្សប្រជាជនកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

ជាមួយគ្នានេះ លោកប៉ុល សារឿន បានបន្តថា មនុញ្ញផលរយៈពេល២០ឆ្នាំ នៃសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដូចជា វិស័យអប់រំ សុខាភិបាល ឧស្សាហកម្ម ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ពានអាកាស ផ្លូវក្រោមដី សំណង់អគារខ្ពស់ៗ កំណើនភ្ញៀវទេសចរណ៍ ការពារបានរឹងមាំអធិបតេយ្យជាតិ ជាពិសេសរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយជាប្រចាំ ធ្វើឱ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ។

បើតាមប្រធានក្រុមការងារចុះជួយ ខេត្តព្រះសីហនុរូបនេះ តម្លៃនៃសន្តិភាព ធ្វើឱ្យប្រទេសជាតិរីកចម្រើន បានលើកកម្ពស់កិត្យានុភាពជាតិគ្រប់ កម្រិត ស្មើសិទ្ធិ ស្មើភាពជាមួយប្រទេសក្នុងតំបន់និងពិភពលោក។ ដូច្នេះសូមលោកគ្រូ អ្នកគ្រូបន្តពន្យល់អំពីតម្លៃនៃសន្តិភាព ដល់សិស្សានុសិស្សឱ្យបានយល់ជ្រួលជ្រាប ដើម្បីរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស។

លោកបន្តថា លើសពីនេះទៀត ដើម្បីតបស្នងសងគុណ ចំពោះស្នាដៃដ៏មហិមារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះជាតិ បង្រួបបង្រួមជាតិ នាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនជាតិនិងប្រជាជនកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ក៏ដូចជានៅ ខេត្តព្រះសីហនុទាំងអស់ ត្រូវទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីចូលរួមបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពក្នុងសង្គម ភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ទាំងមូល។

ទន្ទឹមនឹងនេះ លោក សំរិទ្ធ ភុំ ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្ត បានឡើងប្រកាសណែនាំ បង្ហាញមុខបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ និងបម្រុងសម្រាប់ខេត្តព្រះសីហនុ ក្នុងនោះពេញសិទ្ធិចំនួនបីនាក់គឺ ១៖ លោក ប៉ុល សារឿន, ២៖លោក គឹម ស៊ីថន, និង៣៖លោក ចេវ គឹម ហេង។ ចំពោះបេក្ខជនបម្រុងមាន ១៖ លោកនេន ម៉ាល័យ, ២៖ លោកតាក់ វណ្ណថា, និងលោក យស់ សុធា៕