(ម៉ូស្គូ)៖ ម្ចាស់ផ្ទះរុស្ស៊ី នឹងប៉ះអេស្ប៉ាញ នាម៉ោង ៩យប់ មុនពេលក្រូអាត ប៉ះដាណឺម៉ាក នៅម៉ោង១យប់រំលងអាធ្រាត្រក្នុងថ្ងៃទី២ នៃវគ្គ១៦ក្រុមចុងក្រោយនៅ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

រុស្ស៊ី ជាក្រុមលេខ២ ចេញពីពូល A ដោយលេង៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ និងចាញ់១ រកបាន៦ពិន្ទុត្រូវជួបក្រុមលេខ១ នៃពូល B អេស្ប៉ាញ នាម៉ោង៩រាត្រីថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។

១ប្រកួតទៀតនៅរាត្រីម៉ោង ១យប់រំលងអាធ្រាត្រគឺជាការជួបគ្នារវាងក្រុមនៅអឺរ៉ុបដូចគ្នា ក្រូអាត ប៉ះដាណឺម៉ាក ក្នុងខណៈក្រូអាតជាក្រុមលេខ១ ចេញពីពូល D លេងមិនចាញ់ និងរកបាន៩ពិន្ទុពេញ ស្របពេលដាណឺម៉ាក ចេញពីពូល C ដោយជាប់លេខ២ លេង៣ប្រកួត ឈ្នះ១ និងស្មើ២ មិនដែលចាញ់។

ក្រុមមាន់គកបារាំង និងអ៊ុយរ៉ាហ្គាយ បានឡើងទៅឈរចាំមុនហើយនៃវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់អាហ្សង់ទីន និងព័រទុយហ្គាល់ រៀងៗខ្លួនក្នុងវគ្គ១៦ក្រុមចុងក្រោយនាយប់មិញនេះ៕