(កណ្តាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៨ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង៨គីឡូម៉ែត្រ មានទទឹង៧ម៉ែត្រ, ផ្លូវបេតុងប្រវែងជាង៥គីឡូម៉ែត្រ, ស្ពាន៣កន្លែង, និងលូរំដោះទឹកភ្លៀងប្រវែងប្រមាណ២គីឡូម៉ែត្រ នៅក្នុងឃុំពាមឧកញ៉ាអុង, ឃុំកោះរះ និងឃុំថ្មគរ, ស្រុកល្វាឯម ខេត្តកណ្តាល ដោយចំណាយថវិកាសាងសង់អស់ប្រមាណ៩ពាន់លានរៀល ឬ ប្រមាណជាង២លានដុល្លារអាមេរិក ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកតា, លោកយាយ, លោកគ្រូ, អ្នកគ្រូ, សិស្សានុសិស្ស, ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់, ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែគិតគូរអំពីសុខទុក្ខ, តម្រូវការ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ការអភិវឌ្ឍនៅក្នុងឃុំទាំង៣នេះ ក៏ដូចជានៅគ្រប់ទីកន្លែងដទៃទៀត អាចកើតឡើងបានដោយសារ តែប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៍ ដែលបានកើតចេញពី នយោបាយឈ្នះ-ឈ្នះ និងដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត, ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ព្រមទាំងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ មានជាអាទិ៍៖ ការតម្លើងប្រាក់ បៀវត្សជូនមន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្មករ-កម្មការនី, ការបញ្ឈប់ការយកភាស៊ី និងការបង់ថ្លៃ ពីអ្នកលក់ដូរតូចតាចតាមកញ្ច្រែង, កញ្ជើ, ល្អី, ការលប់បំបាត់របបពន្ធម៉ៅការសម្រាប់អាជីវករតូចតាច, ការបញ្ចុះតម្លៃ ប្រេងឥន្ធនៈ ។ ល ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស ដើម្បីសម្រួលដល់សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតនៅក្នុងឃុំទាំង៣ ព្រមទាំងប្រជាពលរដ្ឋទូទៅ ឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ ដើម្បីចូលរួមបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម, ភាពចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល។

លោកអគ្គបណ្ឌិតសភាចារ្យ បានកាត់ខ្សែបូជានិមិត្តរូប នៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើនខាងលើ នៅក្នុងឃុំពាមឧកញ៉ាអុង, ឃុំកោះរះ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល៕