(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណិត នាយករងខុទ្ទកាល័យ សម្តេចតេជោហ៊ុន សែន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមដាក់ឲ្យដំណើការប្រើប្រាស់ផែស្ងួត ភីវីអិន ប៉ោយប៉ែតផ្លូវ ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ពិធីនោះក៏មានការអញ្ជើញ ចូលរួមលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន, លោក លី សារី អភិបាលរងខេត្ត, លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត លោក ឆែ សុធា ប្រធានការិយាល័យគយ និងរដ្ឋាករខេត្ត និងមន្ត្រីរាជការ ប្រជាពលរដ្ឋចំនួន២០០០នាក់ ។
លោក ប៉ោ វណ្ណាត ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុន ភី វី អិន ត្រេឌីងគ្រុបបានថ្លែងថា ផែស្ងួត ភី វី អិន មានទំហំដីសរុប១៤.១០ហិកតា មានទីតាំងស្ថិតនៅជាតំបន់ទីប្រជុំជន មានប្រជាពលរដ្ឋរស់នៅ យ៉ាងច្រើនកុះករ ប្រកបដោយសក្កានុពលសេដ្ឋកិច្ចខ្ពស់ ប្រជុំដោយតំបន់ឧស្សាហកម្មធំៗ មានតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសជាច្រើន ផែស្ងួត មានចំងាយតែ៥គីឡូម៉ែត្រ ពីព្រំប្រទល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អារញ្ញប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ។
លោកបន្តថា ក្រោយពីបញ្ចប់ការសាងសង់ អគារការិយាល័យ ឃ្លាំងស្តុបទំនិញ ទីលានស្តុកកុងតឺន័រ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទក្នុង ដំណាក់កាលទី១ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ ក្រុមហ៊ុនបានដាក់ឱ្យដំណើរការសាកល្បង ផែស្ងួតមកទល់ និងពេលបច្ចុប្បន្ន និងបានបើកដំណើរ ការសេវាកម្មបម្រើ អតិថិជនជាតិ-អន្តរជាតិ រួមមាន៖ សេវាកម្ម លើកដាក់ និងឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ សេវាកម្មលើកដាក់បំលាស់ទី និងស្តុកកុងតឺន័រ គ្រប់ប្រភេទសេវាកម្មដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។
លោកបន្ថែមថា ផែស្ងួតនេះផ្ដល់ការជួយសម្រួល ជាច្រកចេញចូលតែមួយ សម្រាប់ការនាំចូល និងនាំចេញ ព្រមទាំងឃ្លាំងចែកចាយផងដែរ។ ផែស្ងួត និងឃ្លាំងស្តុកបានបញ្ចប់៨០ភាគរយហើយ ហើយនឹងរួចរាល់សម្រាប់ប្រតិបត្តិការ ត្រឹមរយៈពេលខ្លីនេះ។
លោកថ្លែងថា «យើងកំពុងអភិវឌ្ឍស្ដង់ដារខ្ពស់ នៃតំបន់សេដ្ឋកិច្ចជាមួយបរិយាកាសល្អ សន្ដិសុខ ២៤ម៉ោង មានកន្លែងស្នាក់នៅសម្រាប់កម្មករ ការប្រមូលសំរាម និងកាកសំណល់ ការផ្តត់ផ្គង់អគ្គិសនី និងទឹក»។
លោកថ្លែងថា «យើងគឺជាប្រទេសនាំចេញ យើងពិតជាចាំបាច់ត្រូវមានផែស្ងួតច្រើន ដើម្បីផ្ដល់ជម្រើសដល់ពួកយើងកាន់តែច្រើន ភាពងាយស្រួល ការប្រកួតប្រជែងតម្លៃដឹកជញ្ជូន ដែលជួយកាត់បន្ថយតម្លៃការផលិត»។
លោក ហ៊ុន ម៉ាណិត បានបញ្ជាក់ថា ប្រសិនពលរដ្ឋមិនទៅបោះឆ្នោត ពលរដ្ឋនឹងបាត់បង់សិទ្ធិ និងឱកាស ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន និងថ្នាក់ដឹកនាំប្រទេសជាតិ។ លោកក៏បានលើកឡើង ពីការវិវត្តន៍នៃព្រឹត្តិការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា តាំងពីរបបខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ននេះ និងអំពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សំរាប់ធ្វើការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ” ។
លោកក៏បានលើកឡើងពីស្ថានការណ៍ថ្មីៗ របស់កម្ពុជា អំពីការបោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះ។ ការអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាក្នុងន័យ បំពេញកាតព្វកិច្ច ជាពលរដ្ឋ ដើម្បីជោគវាសនាខ្លួន និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល បន្តអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ និងការរីកចំរើនរបស់សង្គមជាតិ ដោយកុំជឿតាមជនអគតិខ្លះ ដែលបានអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោតនោះ៕