Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តោធដាក់ឲ្យប្រើប្រាស់ ព្រះបរមរតនចេតិយដ៏ធំស្កឹមស្កៃ តម្លៃជិត២០ម៉ឺនដុល្លារ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ, លោក កែ គឹមយ៉ាន ប្រាប់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

01-07-2018 12:15

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ លោកកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសមាគម មូលនិធិមនុស្សចាស់ខេត្ត បានអញ្ជើញចូលជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ព្រះបរមរតនចេតិយទំហំ១៤ម៉ែត្រ កំពស់២៥ម៉ែត្រ មានតម្លៃទឹកប្រាក់ជិត២០ម៉ឺនដុល្លាអាមេរិក និងសមិទ្ធផលនានាក្នុងវត្តហ្លួងស៊ីសុវត្ថិរតនា នៅភូមិផាស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោកកែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស, សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្ស។

ក្នុងឱកាសនោះដែរ លោកកែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខ បាននាំប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើន ទាំងពុទ្ធិចក្រ និងអាណាចក្រ ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារក្រោមការធ្វើពលិកម្មគ្រប់បែបយ៉ាង ទាក់ទាញអ្នកវិនិយោគមកបោះទុនរកស៊ីនៅកម្ពុជា បង្កើតការងារជូនកូនចៅប្រជាពលរដ្ឋទទួលបានប្រាក់ខែខ្ពស់។

បើតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ទន្ទឹមនឹងអាណាចក្ររីកចម្រើន ជីវភាពប្រជាពលរដ្ឋធូរធារនោះ ទើបមានការបរិច្ចាគនូវបច្ច័យចូលរួមជួយកសាងសមិទ្ធិផលនានា ក្នុងទីអារាមដែរជាទីជម្រកដ៏កក់ក្តៅសម្រាប់លោកយាយ លោកតា ក៏ដូចជាយុវជនសិស្ស និស្សិត ស្នាក់នៅរៀនសូត្រ នោះបាន។ លោកថាអាណាចក្រ និងពុទ្ធិចក្រមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ពោលបើអាណាចក្រដាក់ចេញនូវបន្ទាត់ដឹកនាំមិនបានត្រឹមត្រូវនោះ ផ្នែកពុទ្ធិចក្រក៏នឹងត្រូវប៉ះពាល់ផងដែរ ដូចជាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីអារាមត្រូវបានបំបាត់ចោល ក្លាយជាមូលដ្ឋានរបស់កងទ័ព និងធ្វើជាកន្លែងពិឃាតមនុស្សផងដែរ។

ជាមួយគ្នានេះ លោកកែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ អ្នកស្រុកមង្គលបុរីទាំងអស់ ដែលគោរពស្រលាញ់សម្តេច ហ៊ុន សែន ចូលរួមជាមួយសម្តេច ឲ្យចូលរួម ថែរក្សាសន្តិភាព និងសូមបន្តថែរក្សាសន្តិភាពនេះឲ្យនៅគង់វង្ស ដោយអញ្ជើញទៅបោះឆ្នោត និងគាំទ្រគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់គ្នា លេខរៀងទី២០ ងាយចាំ ងាយគិត ស្រួលគូស ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនរបស់យើងជាបន្តទៀត។

ជាវប្បធម៌ចែករំលែក ប្រធានក្រុមការងារថ្នាក់កណ្ដាល បាននាំយកបច្ច័យ ថវិកា សម្ភារៈ និង អំណោយចែកជូនមាន៖

១៖ ប្រគេនបច័្ចយព្រះសង្ឃ ៦១០អង្គ ក្នុងមួយអង្គៗ ២ម៉ឺនរៀល
២៖ ជូនប្រជាពលរដ្ឋចំនួន ៣៥០៦នាក់ ម្នាក់ៗ ទទួលបានសារ៉ុង១
៣៖ ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំឬស្សីក្រោកចំនួន ៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល សារ៉ុង១ ក្រម៉ា បំពង់ទឹកក្ដៅ មី ពិល ទឹកដោះគោ ប្រេងកូឡា ប្រេងខ្យល់ ស្ករស អំបិលអ៊ីយ៉ូត តែ ប្រេងឆា កៅអៀក
៤៖ ជូនគណៈកម្មាធិការបក្សឃុំឬស្សីក្រោក ថវិកា១លានរៀល
៥៖ ជូនមណ្ឌលសុខភាពឬស្សីក្រោក ថវិកា៥០ម៉ឺនរៀល
៦៖ ប្រគេនបច្ច័យកសាងវត្តហ្លួងស៊ីសុវត្ថិរតនា ចំនួន៤៥០០ដុល្លាអាមេរិក
៧៖ ប្រគេនស៊ីម៉ងទៅវត្តស្រះរាំង ១០តោន
៨៖ ជួយកសាងសាលាធម្មសភា នៅវត្តព្រះស្រែ៕