(កំពង់ស្ពឺ)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក ហ៉ីង ប៊ុនហៀង បានណែនាំដល់មន្រ្តីបក្សស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បន្តធ្វើអំពើល្អបម្រើសេវាសាធារណៈ សេវាតម្រូវការផ្សេងៗទៀត ជូនប្រជាពលរដ្ឋឲ្យបានល្អ ត្រូវបន្តអនុវត្តន៍គោលនយោបាយត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជាឲ្យបានល្អ និងដោយស្មោះត្រង់ កុំធ្វើជាមន្រ្តីជើង១០ ត្រូវធ្វើជាមន្រ្តីជើង២ ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ ដើម្បីឲ្យដឹងពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដោះស្រាយ ឲ្យបានទាន់ពេលវេលា។
ការណែនាំរបស់មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជារូបនេះ ត្រូវបានធ្វើឡើងនៅក្នុង ពិធីសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រមាណ២០០០នាក់ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងឱកាសនោះថា លោក ហ៉ីង ប៊ុនហៀង បានបន្តថា ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ច មានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោត តាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានអំពាវនាវដល់មន្រ្តីបក្ស ជួយជំរុញធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដែលមានលេខរៀងទី២០ ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តបេក្ខភាពជានាយករដ្ឋមន្រ្តី ជារៀងរហូត និងដើម្បីចូលរួមការពារសន្តិភាព បន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ដូចប្រទេសអភិវឌ្ឍន៍នានាលើពិភពលោក ជាពិសេសឆ្លើយតបនឹងគុណបំណាច់ធំធេង របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត និងការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស តាំងពីបាតដៃទទេរហូតដល់មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។
បើតាមសមាជិកគណ:កម្មាធិការកណ្តាលគណបក្សរូបនេះ ត្រូវរក្សាការពារតម្លៃសុខសន្តិភាព ដែលមាននាបច្ចុប្បន្ននេះ ឲ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់របស់ជនអគតិមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជាខាងមុខ និងចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងសង្គមជាតិ ដែលមាននាសព្វថ្ងៃនេះឲ្យបានល្អប្រសើរ។
ក្នុងឱកាសនោះដែរ លោកហ៉ីង ប៊ុនហៀង បានផ្ដល់ជូនសម្ភារៈមួយចំនួនដល់ស្រុកបរសេដ្ឋ រួមមាន៖
១៖ គណបក្សស្រុក ម៉ាស៉ីនកុំព្យូទ័រ យួរដៃ១គ្រឿង, ព្រីនធ័រ១គ្រឿង និងអាយកូម៧គ្រឿង
២៖ ឃុំទាំង១៥ របស់ស្រុកបរសេដ្ឋ ដោយក្នុងមួយឃុំៗ ទទួលបានម៉ាស៉ីនកុំព្យូទ័រ យួរដៃ១គ្រឿង, ព្រីនធ័រ១គ្រឿង និងអាយកូម៧គ្រឿង
៣៖ ក្រុមយុវជនស្រុកបរសេដ្ឋ កុំព្យូទ័រយួរដៃ១គ្រឿង, ព្រីនធ័រ១គ្រឿង និងអាយកូម១០គ្រឿង ព្រមទាំងបានប្រគេន ម៉ាស៉ីនភ្លើង១គ្រឿង (10KW) ដល់វត្តបរសេដ្ឋចាស់ផងដែរ។
លោកហ៉ីង ប៊ុនហៀង បានបញ្ជាក់ថា រាល់សម្ភារៈដែលបានឧបត្ថមខាងលើ គឺសំដៅសម្រាប់បម្រើការងារការពារសណ្ដាប់ធ្នាប់ សន្តិសុខសង្គម ក្នុងគោលបំណង ដើម្បីសម្រួលដល់ការងារនៅពេលបោះឆ្នោតខាងមុខផងដែរ៕