(ភ្នំពេញ)៖ ដើម្បីដឹកនាំប្រទេសមួយឆ្ពោះ ទៅរកការអភិវឌ្ឍ ដែលមានខឿនសេដ្ឋកិច្ចរឹងមាំ និងមានទឹកមាត់ប្រៃ ចាំបាច់ណាស់ ដែលគេត្រូវកសាងប្រទេស ដោយឈរលើមូលដ្ឋានសំខាន់៣៖ គឺសន្តិភាព អធិបតេយ្យភាព និងឯករាជភាពពេញលេញពីបរទេស។

ប្រសិនបើប្រទេសមួយមិនអាច រក្សាមូលដ្ឋានគ្រឹះទាំងបីនេះបានទេ ប្រទេសនោះនឹងមិនអាច ងើបចេញពីនឹមត្រួតត្រារបស់បរទេសបានឡើយ។ អីចឹងហើយបានជាគេត្រូវការ អ្នកដឹកនាំដែលមានឆន្ទៈមុតស្រួច មានឥទ្ធិពលខ្លាំងក្នុងចំណោម មហាជន ព្រមទាំងមានសមត្ថភាព និងភាពវៀងវៃគ្រប់គ្រាន់ ក្នុងការតទល់ជាមួយបរទេស រាប់ទាំងប្រទេសមហាអំណាចផងដែរ ជាពិសេសក្នុងបរិបទបច្ចុប្បន្ន នៃទំនាស់ផលប្រយោជន៍ដ៏ស្រួចស្រាវ នៅលើសមរភូមិភូមិសាស្ត្រ នយោបាយ។

ក្រឡេកមកមើលកម្ពុជា មូលដ្ឋានគ្រឹះទាំងបីនេះបាន និងកំពុងចាក់ឬសបានយ៉ាងល្អ នៅលើទឹកដីអង្គរនៃយើង។ ប្រទេសដែលធ្លាប់ហែកហួរ ដោយសង្គ្រាមបែរជាជំនួស ដោយសន្តិភាពពេញលេញ។

ប្រទេសដែលធ្លាប់ស្ថិតក្រោមការលូកដៃ ជ្រៀតជ្រែកពីបរទេស បានក្លាយជាប្រទេស ដែលមានអធិបតេយ្យភាព និងឯករាជភាពពេញទី ហើយកំពុងឈរយ៉ាងរឹងមាំប្រឆាំងនឹងការ លូកដៃពីបរទេស។ និយាយពីបុគ្គល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញម្តង ក្រៅពីជាអ្នកនាំមកនូវសន្តិភាពក្រោម នយោបាយឈ្នះៗដ៏ល្បីល្បាញហើយនោះ គាត់ក៏កំពុងឈរតតាំងយ៉ាងក្លៀវក្លា ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស ដើម្បីការពារអធិបតេយ្យភាពជាតិ និងឯករាជភាពរបស់កម្ពុជា ពីនឹមត្រួត្រារបស់បរទេស។ ដូច្នេះ គាត់ជាមនុស្សស័ក្តិសមជាមេដឹកនាំ ដែលខ្មែរត្រូវការជាចាំបាច់។

ក្នុងដំណាកកាលបច្ចុប្បន្ន ប្រទេសនីមួយៗក្នុងលោក គេតែងតែផ្តោតការយកចិត្តទុកដាក់ ទៅលើផលប្រយោជន៍ នៃប្រទេសរបស់គេ និងប្រជាជនរបស់គេ ជាចម្បងលើសបញ្ហាៗអ្វីទាំងអស់។ នៅក្នុងទ្រឹស្តីនៃទំនាក់ទំនងអន្តរជាតិ គេនិយាយថា «គ្មានទេមិត្ត គ្មានទេសត្រូវ គឺមានតែផលប្រយោជន៍»។

លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតឡើងកាន់តំណែង ជាប្រធានាធិបតេយ្យអាមេរិក ពីព្រោះតែគាត់បានប្រើពាក្យមួយឃ្លាថា «America First » មានន័យថា គាត់ផ្តោតលើផលប្រយោជន៍អាមេរិកាំងមុនគេ។ ពាក្យនេះជាគន្លឹះចាក់ចំបេះដូង ពលរដ្ឋអាមេរិកាំងទូទៅហើយ ក៏បានបោះឆ្នោតគាំទ្រ លោកត្រាំ ឲ្យឈ្នះគូប្រជែង គឺលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានគោលនយោបាយ ការបរទេសចូលចិត្តលូកដៃ ចូលជ្រៀតជ្រែកប្រទេសដទៃ។ យ៉ាងណាក៏ដោយ ក្រោយពីបានជាប់ឆ្នោត លោកត្រាំ ហាក់មិនទាន់បានធ្វើឲ្យគោលនយោបាយថ្មីរបស់គាត់ មានប្រសិទ្ធភាពនៅឡើយទេ ដោយសារពួកមន្ត្រីជាប់កំអែលចាស់ មិនព្រមយកទៅអនុវត្តឲ្យបានពេញលេញនៅឡើយ។

ទោះជាយ៉ាងនេះក្តី គោលនយោបាយផ្តោតការ យកចិត្តទុកដាក់លើផលប្រយោជន៍ជាតិរបស់ខ្លួន មុនគេបង្អស់ហាក់កំពុងរីក ដុះដាលពាសពេញពិភពលោក។ ការដកខ្លួនរបស់ប្រទេសអង់គ្លេស ពីសហភាពអឺរ៉ុប ការប្រឈមមុខដាក់គ្នារវាងអឺរ៉ុប និងសហរដ្ឋអាមេរិក ការបែកបាក់ សាមគ្គីភាពផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ការងាកទៅសាងរាត្រីទឹកឃ្មុំជាមួយចិនពីសំណាក់ ប្រទេសបារាំង និងការចាប់ដៃគ្នាចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងជាដើមនេះ សុទ្ធសឹងតែជាសញ្ញាបញ្ជាក់ថា ប្រទេសនីមួយៗស្វែងរកផលប្រយោជន៍ របស់គេជាធំដោយមិនបានគិតថា អ្នកណាលោកសេរី អ្នកណាលោកកុម្មុយនិស ផ្តាច់ការអ្វីឡើយ ពោលគឺឲ្យតែបានប្រយោជន៍ គឺពួកគេស្រវាយកហើយ។

ក្នុងន័យនេះប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនតែម្តង គួរតែនាំគ្នាស្វែងយល់សិក្សា ពីប្រវត្តិសាស្ត្រពីប្រទេសរបស់ខ្លួនផង និងតាមដានព្រឹត្តិការណ៍ វិវឌ្ឍរបស់ពិភពលោកឲ្យជាប់ ផងដែរហើយបណ្តុះគំនិតជាតិនិយម ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អ្វីដែលសំខាន់ គឺយុវជនខ្មែរត្រូវ មើលឲ្យធ្លុះពីភូមិសាស្ត្រ នយោបាយក្នុងបរិបទ នៃពិភពលោកពហុប៉ូល ដែលប្រទេសនីមួយៗមានជម្រើស ច្រើនក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពីបណ្តាប្រទេសផ្សេង។ ក្នុងបរិបទបែបនេះ យុវជនខ្មែរមិនត្រូវងប់ងល់ នឹងនយោបាយពឹងផ្អែកទាំងស្រុង ទៅលើហាអំណាច មួយដោយចាត់ទុកថា មានតែមហាអំណាចមួយនោះទេ ដែលជាចង្ទុលជាខ្នងបង្អែក រឹងមាំ រីឯប្រទេសផ្សេងៗទៀត សុទ្ធតែមិនល្អ មិនអាចយកជាមិត្តបាននោះឡើយ។ ការយល់ឃើញបែបនេះ តាមអ្នកនយោបាយមួយក្តាប់តូច ពង្វក់ស្មារតី ហើយកំពុងតាំងខ្លួនជាអ្នកស្នេហាជាតិ គឺជាការយល់ច្រឡំដ៍ធំណាស់សម្រាប់ពលរដ្ឋ និងយុវជនខ្មែរ។

បច្ចុប្បន្នក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយលោក សម រង្ស៊ី កំពុងដាក់ខ្លួនធ្វើជាអាយ៉ងរបស់បរទេស ហើយងាកមកក្រឡុកប្រទេសជាតិខ្លួនឯង ធ្វើឲ្យបាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាព ដោយសារតែមហិច្ឆតានយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ពួកគេព្យាយាមឱបដៃឱបជើង សហរដ្ឋអាមេរិក និងពួកបរទេសមួយចំនួននៅអឺរ៉ុប ហើយតាំងខ្លួនជាសត្រូវជាមួយចិន ស្អប់ចិន ដោយមិនដឹងថា សូម្បីចៅហ្វាយនាយរបស់ខ្លួនក៏ត្រូវការចិនជាចាំបាច់ដែរ។ ធ្វើនយោបាយរាក់កំផែល និងហួសសម័យបែបនេះ ពិតជាមិនមែនអ្នកនយោបាយឆ្លាតវៃ ហើយដើរមិនទាន់សភាពការណ៍ របស់ពិភពលោកនោះឡើយ។

ផ្ទុយទៅវិញ នយោបាយការបរទេសរបស់រដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន គឺជានយោបាយឆ្លាតវៃពីព្រោះ៖ ទី១ ជានយោបាយដែលការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាចម្បង។ ទី២៖ ជានយោបាយដោយពឹងផ្អែកលើសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍ។ ទី៣៖ ជានយោបាយការពារអធិបតេយ្យភាព និងឯករាជ្យភាពពីការជ្រៀតជ្រែកពីបរទេស។ ទី៤៖ នយោបាយចាប់យកប្រទេសណាក៏ដោយ ឲ្យតែផ្តល់ផលប្រយោជន៍ច្រើន ដល់កម្ពុជាដោយមិនរើសអើង និងមិនផ្តាច់មុខទៅរកប្រទេសណាមួយទេ ផ្ទុយទៅវិញ ប្រទេសណាដែលព្យាយាម លូកដៃជ្រៀតជ្រែក និងព្យាយាមប្រើប្រាស់កូនអុក ដើម្បីបំផ្លាញកម្ពុជា គឺកម្ពុជាមិនញញើតនឹងតបតឡើយ។

ក្នុងន័យនេះដែរ ការបោះឆ្នោតថ្ងៃទី២៩ កក្កដា ខាងមុខនេះ គឺជាភស្តុតាងដ៏សំខាន់មួយទៀត ដែលបង្ហាញថា កម្ពុជាកំពុងបោះជំហ៊ានទៅមុខឥតងាករេ និងឥតរាថយ ក្រោមឆន្ទៈដ៏មោះមុត នៃនយោបាយបោះឆ្នោតដោយខ្លួនឯង ជឿជាក់លើខ្លួនឯង និងសង្ឃឹមលើជោក វាសនាខ្លួនឯងដោយមិនរវើរវាយរង់ចាំបរទេស ដឹកច្រមុះដូចអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូចនោះឡើយ។ ដូច្នេះយើងទាំងអស់គ្នាជាកូនខ្មែរគួរតែ មានមោទនៈភាពចំពោះអ្វីដែលបាននិងកំពុងកើតមាន នៅពេលនេះ ហើយនាំគ្នាចូលរួមលើកស្ទួយមោទនៈភាព ជាតិនេះឲ្យកាន់តែខ្ពស់បន្ថែម ទៀតដើម្បីកម្ពុជាយើងអាចឈររឹងមាំ ដោយជើងទាំងពីររបស់ខ្លួន រស់ដោយថ្លៃថ្នូរដោយបាតដៃរបស់ខ្លួន ជាជាងការដាក់ខ្លួនធ្វើជាអាយ៉ងដាច់ថ្លៃនិង ឪនក្បាលអោយបរទេសដឹកច្រមុះ។ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវគិតពីកម្ពុជាជាចម្បង ហើយពេលយើងគិតពីកម្ពុជា យើងកាន់តែត្រូវការគណបក្សកាន់អំណាច់បច្ចុប្បន្ន ដែលដឹកនាំដោយលោក ហ៊ុន សែន ជាចាំបាច់ គឺគ្មានជម្រើសណាល្អជាង នេះទៀតនោះឡើយ «Cambodia First - CPP First » ៕

ដោយ៖ សាស្ត្រាចារ្យ
វិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម