(កណ្តាល)៖ លោក ណុប រតនៈ ប្រធានគណៈអចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋានឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក អ៉ិត ឋានរត្ន័ អនុប្រធានទី១, លោក ឆែម រតនៈវិសាល អនុប្រធានទី២ តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល ក្នុងពិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ប្រមាណ៥៦៧នាក់ ដែលមកពីគណបក្សដទៃ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកស្លែង។
ថ្លែងក្នុងអង្គពិធីនោះគណៈអធិបតី បានមានមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
ជាមួយនិងការប្រកាសបញ្ជូលសមាជិកថ្មីនេះ តំណាងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងតែផ្តល់ឱកាសដល់ លោកយាយលោកតា អ៊ុពូមីង បងប្អូនជានិច្ច ក្នុងការរួមរស់ជាមួយគ្នា ដើម្បីថែរក្សានូវសុខសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសយើង ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជា មានការរីកចំរើន និងបញ្ចប់នូវភ្លើងសង្រ្គាម នាំមកវិញនូវសុខសន្តិភាពជូនជាតិមាតុភូមិ។
គណៈអធិបតីបានថ្លែងទៀតថា ការខិតខំប្រឹងប្រែងកន្លងមក របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺក្នុងទិសដៅតែមួយគត់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនរស់នៅសុខសាន្ត។ ជាក់ស្តែងរាល់សមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលនេះ គឺពិតជាបានបំរើប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងបានយ៉ាងពិតប្រាកដ បូករួមទាំងអត្ថប្រយោជន៍នានាជាច្រើនទៀត។
គណៈអធិបតីក៏បានថ្លែងអំណរគុណ ដល់សមាជិកថ្មីដែលបានផ្តល់ការជឿជាក់ និងគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ពិសេសប្តេជ្ញាដើរតាមមាគា ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។
គណៈអធិបតីក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អផង និងដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ រូបសញ្ញាទេវតាបាចផ្កា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា នាអាណត្តិនេះ និងអណត្តិបន្តបន្ទាប់ទៀត៕