(កំពង់ធំ)៖ នៅព្រឹកទី១ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីយុទ្ឋជនកម្ពុជាខេត្ត បានបន្តដឹកនាំសហការីដែលជាគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត-ស្រុក ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មី១ខ្នង ជូនដល់អតីតយុទ្ធជនពិការឈ្មោះ តែប ទួន និងក្រុមគ្រួសារ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ផ្ទះថ្មីដែលទើបសាងសង់រួចនេះ មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ បានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ ៦,៤៨៥,០០០រៀល ជាអំណោយ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ផ្តល់ជូនគាត់បន្ថែមទៀតនូវ អង្ករចំនួន៥០គីឡូក្រាម មីយើងចំនួន៣កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរ មុងជ្រលក់ថ្នាំចំនួន១ និងថវិកា ២០០,០០០រៀលផងដែរ។
សូមជម្រាបថា លោកពលបាលត្រី តែប ទួន អាយុ៥៦ឆ្នាំ បានចូលរួមបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៨៣ នៅអង្គភាពវរសេនាតូចលេខ៣០ ក្រោយមកបានផ្លាស់ប្ដូរអង្គភាពមកនៅអង្គភាពវរសេនាតូចលេខ៦ នៃយោធាខេត្តកំពង់ធំ ដែលមានទីតាំងកឈរជើងនៅភូមិត្បែងកោង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅឆ្នាំ១៩៨៧។ ដោយបាត់បង់សមត្ថភាពការងារ និងមិនអាចប្រយុទ្ធតទៅបាន លោកតែប ទួន ត្រូវបានផ្ទេររបបជីវភាពទៅមន្ទីរសង្គមកិច្ចខេត្ត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១។
លោកតែប ទួន មានភរិយាឈ្មោះយ៉ាន់ ធឿន អាយុ៦៦ឆ្នាំ មានកូន៣នាក់ មានគ្រួសារហើយ២នាក់ និងម្នាក់ទៀតទទួលមរណភាព។ ក្រុមគ្រួសារលោកតែប ទួន ប្រកបមុខរបរធ្វើស្រែចម្ការបន្តិចបន្តួច គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត ជាមួយនឹងចៅកំព្រា២នាក់ផង ហើយគាត់បានទទួលប្រាក់បៀវត្សប្រចាំខែពីរាជរដ្ឋាភិបាលចំនួន៤៤០,០០០រៀល ក្នុងមួយខែផងដែរ។
ជាមួយគ្នានេះ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមថ្លែងអំណរគុណផងដែរចំពោះ លោក គង់ វិមាន អភិបាលរងខេត្តព្រះវិហារ បានឧបត្ថម្ភថវិកាចំនួន១០០ដុល្លារអាមេរិក ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង និងសាខាឃុំពពក ក្នុងការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនពិការនេះ។
លោក តែប ទួន និងក្រុមគ្រួសារ ព្រមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានសាងសង់ផ្ទះជូនអតីយុទ្ឋជន ដែលមានជីវភាពលំបាកខ្វះខាត និងទីលំនៅមិនសមរម្យនេះ និងសូមគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រីជារៀងរហូត ដើម្បីសន្តិភាព និងការអភិវឌ្ឍ៕