(កំពង់ស្ពឺ)៖ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា ការវិលមករួមរស់របស់សមាជិកបក្សផ្សេងៗ មានន័យថា ជាការរួមរស់កសាងប្រទេសជាតិយើងតែមួយ និងសាមគ្គីភាពជាតិតែមួយ ដោយគ្មានអ្នកចាញ់ ហើយក៏គ្មានអ្នកឈ្នះដែរ។
ការលើកឡើងនេះធ្វើឡើងក្នុងពេលដែលលោក ជួបសំណេះណាលក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៣២០០នាក់ ដែលមកពីគណបក្សនានា ស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជន របស់ស្រុកសំរោងទង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ នៅមន្ទីរគណបក្សខេត្ត។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានប្រាប់ដល់សមាជិកថ្មីថា គណបក្សប្រជាជន តែងស្រឡាញ់ប្រជាពលរដ្ឋទាំងអស់ ហើយចាត់ទុកពួកគាត់ជាគ្រួសារតែមួយ។ លោកបន្តថា មានតែគណបក្សប្រជាជនមួយទេ ដែលជាបក្សដឹកនាំប្រទេសជាតិទទួលបានការអភិវឌ្ឍ និងមានសន្តិភាពពេញលេញ រួមទាំងមានការងារជូនបងប្អូនធ្វើ គ្រប់គ្នាៗ។
លោកប្រធានបក្សបានបន្តថា ការមករួមរស់បងប្អូន គឺបានសម្លឹងមើលឃើញយ៉ាងច្បាស់ពីសភាពនយោបាយដ៏ចាស់ទុំរបស់គណបក្សប្រជាជន ដែលជានិច្ចកាលគឺប្រឹងប្រែងដើម្បីប្រជាជន ប្រឹងប្រែងដើម្បីប្រទេសជាតិ មិនយកបរទេសមិនជាន់ពន្លិចជាតិខ្មែរទេ ហើយកាន់តែមិនដូចខ្លាំងទៀតនោះ គឺគណបក្សប្រជាជន មិនដែលដើរអំពាវនាវឲ្យបរទេសឈប់ទិញទំនិញខ្មែរផងដែរ៕