(ភ្នំពេញ)៖ កាលពីពីរសប្តាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុម-មេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី “ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ” យកមកបង្ហាញរួចមកហើយ។ ដោយឡែកនៅសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទស្តីពី “ភាគីក្នុងរឿងក្តី រដ្ឋប្បវេណី” យកមកធ្វើការបង្ហាញជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតឲ្យបានយល់កាន់តែច្បាស់ពីភាពខុស គ្នារវាង “ភាគីក្នុងរឿងក្តីរដ្ឋប្បវេណី” និង “ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ”។
តើនៅពេលមានវិវាទរដ្ឋប្បវេណីមួយកើតឡើង បុគ្គលដែលប្តឹងគេ និងបុគ្គលដែលត្រូវបានគេប្តឹងត្រូវហៅ យ៉ាងដូចម្តេចនៅដំណាក់កាលនៃនីតិវិធីជំនុំជម្រះលើកទី១ ?
សមាសភាពភាគីក្នុងរឿងក្តីរដ្ឋប្បវេណីរួមមាន៖
* ដើមចោទ ឬ សហដើមចោទ
* ចុងចម្លើយ ឬ សហចុងចម្លើយ
* តំណាងអយ្យការ (មិនមែនជាភាគីនោះទេ)
ទី១៖ ដើមចោទ ឬ សហដើមចោទ គឺសម្តៅទៅលើបុគ្គលម្នាក់ ឬច្រើននាក់បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណី ។
ឧទាហរណ៍ទី១៖ លោក ក បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ខ ដូច្នេះ លោក ក គឺជាដើមចោទ ។
ឧទាហរណ៍ទី២៖ លោក ក,ខ និង គ... បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ឃ ដូច្នេះ ក,ខ និង គ គឺជាសហដើមចោទ ។
ទី២៖ ចុងចម្លើយ ឬ សហចុងចម្លើយ សម្តៅទៅលើបុគ្គលតែម្នាក់ ឬច្រើននាក់ដែលត្រូវបានភាគីម្ខាងទៀតប្តឹងទៅតុលាការរដ្ឋប្បវេណី ។
ឧទាហរណ៍ទី១៖ លោក ក បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ខ ដូច្នេះ លោក ខ គឺជាចុងចម្លើយ ។
ឧទាហរណ៍ទី២៖ លោក ក បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណីប្តឹងទាមទារ ដី មួយកន្លែងពី លោក ខ, គ និង ឃ ដូច្នេះ ខ,គ និង ឃ គឺជាសហចុងចម្លើយ ។
ឧទាហរណ៍ទី៣៖ លោក ក ប្តឹងលោក ខ ទាមទារ ដី មួយកន្លែងបន្ទាប់មកមាន លោក គ (ជាតតិយជន) បានប្តឹងលោក ក និង លោក ខ ទៅតុលាការរដ្ឋប្បវេណីដើម្បីទាមទារ ដី នោះដែរ ដូច្នេះលោក ក និង លោក ខ ត្រូវជាសហចុងចម្លើយ វិញ ។
ទី៣៖ តំណាងអយ្យការ ជាទូទៅតំណាងអយ្យការ មិនចាំបាច់ចូលរួមក្នុងនីតិវិធីបណ្តឹងរដ្ឋប្បវេណី នោះទេ ក៏ប៉ុន្តែក្នុងករណីចាំបាច់ត្រូវការពារប្រយោជន៍សាធារណៈ នោះតំណាងអយ្យការអាចចូលរួមក្នុងនីតិវិធីបណ្តឹង រដ្ឋប្បវេណីបាន (យោងតាមបញ្ញត្តិមាត្រា៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ មានន័យថាប្រសិនបើសំណុំរឿង រដ្ឋប្បវេណីមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ ឬ ពាក់ព័ន្ធនឹងឋានៈបុគ្គលនោះតំណាងអយ្យការអាច មានវត្តមាន ឬ អាចចូលរួមដើម្បីធ្វើការផ្តល់យោបល់ ឬការពារ ឬធ្វើសេចក្តីសន្និដ្ឋានស្នើនៅចំពោះមុខតុលាការរដ្ឋ-ប្បវេណីក្នុងគោលដៅការពារដល់ផលប្រយោជន៍សាធារណៈ។ សូមបញ្ជាក់ថាវត្តមានរបស់តំណាងអយ្យការ នៅក្នុងរឿងក្តីរដ្ឋប្បវេណីមិនមែនជាភាគីនោះទេ ។
ឧទាហរណ៍៖ លោក ក បានរៀបការជាមួយនារី ខ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ ហើយពួកគេមានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ។ ក្រោយមកនារី ខ បានដាក់ពាក្យបណ្តឹងលែងលះ ពីលោក ក និង សុំសិទ្ធិអំណាចមេបាលើកូនទៅតុលាការរដ្ឋប្បវេណី ហើយលោក ក ក៏បានទាមទារសិទ្ធិអំណាចមេបាលើកូន ផងដែរ ដូច្នេះក្នុងករណីនេះ លោក ក គឺជាចុងចម្លើយ ចំណែក នារី ខ ជាដើមចោទ ។ ដោយសារតែភាគីទាំងពីរ ទាមទារសិទ្ធិអំណាចមេបាលើកូនរៀងៗខ្លួន ដូច្នេះហើយករណីនេះតម្រូវឲ្យមានការចូលរួមរបស់តំណាងអយ្យការ ក្នុងការការពារប្រយោជន៍ដល់កុមារនោះដោយធ្វើសេចក្តីសន្និដ្ឋានស្នើសុំទៅតុលាការថា គួរប្រគល់សិទ្ធិអំណាច មេបាទៅឲ្យដើមចោទ ឬ ចុងចម្លើយ ទៅតាមការយល់ឃើញរបស់ខ្លួន អំពីផលប្រយោជន៍របស់កូន ថាតើភាគី ណាដែលនឹងមានសមត្ថភាពមើលថែ និងផ្តល់អនាគតឲ្យកូនបានល្អ ។
ទោះយ៉ាងណាក៏ដោយ ការហៅភាគីនីមួយៗខាងលើនេះ គេប្រើប្រាស់នៅក្នុងដំណាក់កាលនីតិវិធីនៃការ ជំនុំជម្រះលើកទី១ (នៅសាលាដំបូងរាជធានី/ខេត្ត) តែប៉ុណ្ណោះ។ ចំពោះការហៅភាគីនៅក្នុងដំណាក់កាលតុលាការ ជាន់ខ្ពស់រួមមានសាលាឧទ្ធរណ៍ និងតុលាការកំពូលគឺមានការកំណត់ផ្សេងពីនេះ។ ដូច្នេះយើងខ្ញុំសង្ឃឹមថាតាម រយៈការបង្ហាញខាងលើប្រជាពលរដ្ឋ និងសិស្សនិស្សិតទាំងអស់នឹងយល់កាន់តែច្បាស់អំពីការប្រើប្រាស់ពាក្យច្បាប់ សម្រាប់ហៅភាគីនីមួយៗ នៅដំណាក់កាលនៃនីតិវិធីជំនុំជម្រះលើកទី១ឲ្យបានត្រឹមត្រូវ។
រៀបចំដោយលោកមេធាវី សេង ឈុនលី អនុប្រធានក្រុមមេធាវី និងលោក លាង ប៊ុនឡេង ជំនួយការច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ