(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ ដែលបានខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីជួយសម្រាលបន្ទុកក្នុងវិស័យមនុស្សធម៌ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកម្មវិធីប្រគល់រទេះជនពិការ ចំនួន៨០រទេះ ជូនដល់ចាស់ជរា និងជនពិការភាព ដែលជាអំណោយរបស់កញ្ញា LINDSEY ARRILLAGA ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ កញ្ញា LINDSEY ARRILLAGA ដែលជាជនជាតិអាមេរិក បានលើកឡើងថា កញ្ញាមានការសប្បាយចិត្តខ្លំាងណាស់ និងពេញចិត្តផ្តល់នូវរទេះជនពិការ ជូនដល់ចាស់ជរា ជនពិការភាព ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដោះស្រាយទុកលំបាករបស់បងប្អូន និងជួយសម្រួលដល់ការធ្វើដំណើរ ទៅទីកន្លែងផ្សេងដែលបងប្អូនចង់ទៅ។
ជាមួយគ្នានេះ លោក សុខ លូ បានថ្លែងអំណគុណដល់កញ្ញា LINDSEY ARRILLAGA ដែលបានផ្តល់នូវរទេះ តាមរយៈមូលនិធិរទេះជនពិការពិភពលោក (The Wheelchair foundation) ជូនដល់ប្រជាពលរដ្ឋដែលមានពិការភាព និងចាស់ជរា ក្នុងខេត្តកំពង់ធំ ព្រោះរទេះនេះ គឺជាតម្រូវការចាំបាច់បំផុត សម្រាប់បងប្អូនដែលមានពិការភាព និងចាស់ជរា ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃមិនអាចខ្វះបាន និងជាការរួមចំណែកលើកកម្ពស់ជីវភាព ព្រមទាំងកាត់បន្ថយភាពក្រីក្រផងដែរ៕