(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តផ្ញើសេចក្តីនឹករលឹក ចំពោះបងប្អូនជនរួមជាតិ ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ។
ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាន់តែជិតខិតចូលមកដល់នោះ ពោលគឺសល់តែ២៨ថ្ងៃទៀតប៉ុណ្ណោះ, សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មី ចំពោះបងប្អូនជនរួមជាតិ ឲ្យដឹងថា ជម្រើសល្អបំផុត ដើម្បីរក្សានូវសន្តិភាព និងនិរន្តភាពការអភិវឌ្ឍ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «នៅសល់២៨ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិនឹងមកដល់ (២៩ កក្កដា ២០១៨)។ ហើយនៅសល់តែ៦ថ្ងៃទៀត គឺនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ ការឃោសនាបោះឆ្នោតនឹងចាប់ផ្តើម។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនតាំងពីដើមរហូតមក»។
សម្តេចបានបញ្ជាក់ទៀតថា «ជម្រើសដ៏ល្អបំផុតដើម្បីរក្សាបាននូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាឈ្នះ គឺកម្ពុជាឈ្នះទាំងអស់គ្នា»។
សម្តេចបញ្ជាក់ទៀតថា បងប្អូនជនរួមជាតិ និងកូនក្មួយយុវជនបានដឹង និងបានឃើញច្បាស់ហើយ គឺគណបក្សប្រជាជនកម្ពុជាបានខិតខំកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតយើងមានអ្វីៗគ្រប់យ៉ាងមមកទល់សព្វថ្ងៃ។ ការបោះឆ្នោតនេះ គឺយើងចង់ឃើញកម្ពុជាឈ្នះ និងកាន់តែរីកចម្រើនរុងរឿង៕