(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវពិនិត្យលើខ្លួនឯងដោយអនុវត្តន៍តាមអភិក្រមទាំងប្រាំចំណុច របស់សម្តេចតេជោ ហ៊ុន សែន ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ ម្យ៉ាងទៀតត្រូវគ្រប់គ្រងឲ្យបានចំពោះការធ្វើចំណាកស្រុកក្នុងប្រទេស និងចំណាកស្រុកក្រៅប្រទេស របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន និងរកបញ្ហាប្រឈមដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់មកលើអាជ្ញាធរមូលដ្ឋាន ជាពិសេសត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការយកប្រាក់ពីប្រជាពលរដ្ឋ ដែលដឹកកសិផលបន្តិចបន្តួច។
ក្នុងឱកាសអញ្ជើញចុះពង្រឹងអាជ្ញាធរមូលដ្ឋានឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងដើម្បីស្តាប់នូវការលើកឡើងពីបញ្ហាប្រឈមនានា ព្រមទាំងដោះស្រាយជូនប្រជាពលរដ្ឋប្រកបដោយភាពយកចិត្តទុកដាក់ នៅតាមភូមិ-ឃុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ លោកក៏បានជំរុញ អាជ្ញាធរត្រូវពិនិត្យមើលនូវចំណុចខ្វះខាត ដើម្បីរកដំណោះស្រាយរាល់បញ្ហាដែលមានកើត ឡើងកន្លងមកនៅតាមបណ្ដាមូលដ្ឋាន។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនរូបនេះ ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ទូទាំងស្រុកប្រាសាទបល្ល័ង្ក ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ឲ្យមានតម្លាភាព ត្រូវដោះស្រាយដោយមានភាពយុត្តិធម៌ ត្រឹមត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ លោកក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានកាន់តែប្រសើរឡើងថែមទៀតដើម្បី ផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ល្អជូនប្រជាពលរដ្ឋទូទាំងឃុំ និងស្រុក ជាពិសេសត្រូវពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សផងដែរ៕