(កំពង់ស្ពឺ)៖ លោកសាស្ត្រាចារ្យបណ្ឌិត ណុប រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានការងារថ្នាក់កណ្តាលចុះជួយឃុំសំរោងទង បានលើកឡើងថា បេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល និងបានរំដោះជីវិតរបស់ប្រជាពលរដ្ឋចេញពីរបបមច្ចុរាជ ប៉ុល ពត នៅតែមានបេសកកម្មពិសេសក្នុងការការពារឲ្យបាននូវភាពរស់រៀនរបស់ប្រជាពលរដ្ឋកម្ពុជា និងរក្សាឲ្យបានសមិទ្ធផលជាតិដែលកសាងឡើងដោយលំបាករយៈពេលជិត៤០ឆ្នាំមកនេះ។
លោកសាស្ត្រាចារ្យបណ្ឌិត ណុប រតនា បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនប្រមាណ ៥០០០នាក់ក្នុងឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងថា ភាពរីកចម្រើន និងការរស់នៅដោយសុខសាន្ត សម្បូរសប្បាយរបស់ប្រជាពលរដ្ឋនៅកម្ពុជានាពេលបច្ចុប្បន្ន បានផ្តើមចេញពីការបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជារយៈពេល ៣ទសវត្សរ៍ តាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅចំពោះមុខសមាជិក សមាជិកដ៏ច្រើននេះ លោក ណុប រតនា បានគូសបញ្ជាក់ថា តម្លៃសន្តិភាពគឺសំខាន់ណាស់សម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។ បើតាមលោក ណុប រតនា សុខសន្តិភាពនៅកម្ពុជា ត្រូវបានប៉ុនប៉ងរំលាយទៅវិញ តាមរយៈចេតនាទុច្ចរិតរបស់អតីតគណបក្សសង្គ្រោះជាតិតាមរយៈការធ្វើ «បដិវត្តន៍ពណ៌» ដោយបានទទួលបញ្ជារបស់បរទេស ញុះញង់ ប្រើហឹង្សា មួលបង្កាច់រាជរដ្ឋាភិបាល បំប៉ោងព័ត៌មាន លាបពណ៌ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
លោក ណុប រតនា ថា សកម្មភាពរបស់ក្រុមអតីតបក្សប្រឆាំងមួយនេះ គឺងាយនឹងបង្កចលាចលនៅក្នុងសង្គម និងនាំកម្ពុជាទៅរកសង្គ្រាម និងវិនាសកម្មជាថ្មី។ បើទោះបីជាយ៉ាងណា លោក ណុប រតនា ដែលមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងកាំភ្លើងធំផងដែរនោះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខមិនបណ្តែតបណ្តោយឲ្យមហិច្ឆតាបំផ្លាញជាតិរបស់ក្រុមក្បត់ប្រយោជន៍ជាតិបានសម្រេចនោះឡើយ។
«គណបក្សប្រជាជនកម្ពុជាមានបេសកកម្មពិសេសការពារជីវិតប្រជាពលរដ្ឋកម្ពុជា ដែលបានរំដោះចេញពីភ្លើងមច្ចុរាជ ប៉ុល ពត។ យើងមិនបណ្តោយឲ្យមហិច្ឆតាដ៏ពិសពុលរបស់ពួកក្បត់ប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជនបានសម្រេចនោះឡើយ»។ លោក ណុប រតនា បញ្ជាក់បន្ថែម។
ក្នុងឱកាសសំណេះសំណាលនោះ លោក ណុប រតនា ក៏បានលើកបង្ហាញពីសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសម្រេចបាន។ ទន្ទឹមនឹងនោះក៏បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ៕