(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋជាង១ពាន់នាក់ ក្នុងខណ្ឌមានជ័យ ថែរក្សាសុខភាពឲ្យបានល្អ និងត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា ដែលនឹងចូលមកដល់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក ប៉ា សុជាតិវង្ស បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង១ពាន់នាក់ មកពីសង្កាត់បឹងទំពន់ទី១ និងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅបុរីសន្តិភាព។ នៅក្នុងពិធីសំណេះសំណាលនោះ ក៏មានការចូលរួមពី លោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារចុះជួយ សង្កាត់ស្ទឹងមានជ័យទី២ និងក្រុមការងារពង្រឹងខណ្ឌមានជ័យជាច្រើនរូបទៀត ក៏បានអញ្ជើញជួបសួរសុខទុក្ខ និងមានមតិសំណេះសំណាលផងដែរ។
ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស មានមតិស្វាគមន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានលើកយក វឌ្ឍនភាព និងសន្តិភាពរបស់កម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ន ដែលជាមិទ្ធិផលខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ។
ស្របជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សានូវសមិទ្ធផលទាំងអស់នោះ ពិសេសចូលរួមថែរក្សាឲ្យបាននូវសន្តិភាពសម្រាប់សង្គមជាតិទាំងមូល ដើម្បីឲ្យរាជរដ្ឋាភិបាល កាន់តែមានឱកាសអភិវឌ្ឍ ប្រទេសជាតិជាបន្ត ចំណែកប្រជាពលរដ្ឋកាន់អាចមានលទ្ធភាពធ្វើឲ្យជីវភាពប្រសើរឡើង និងរស់ប្រកបដោយសុភមង្គល៕