(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងផ្លូវការ ស្ដីពីការកំណត់តម្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយថ្លៃសម្រាប់សាំងធម្មតា នឹងចុះមកត្រឹម ៣,៩៥០រៀល និងប្រេងម៉ាស៊ូត ចុះមកត្រឹម ៣,៧៥០រៀល ពោលក្នុងមួយលីត្រចុះ១៦០រៀល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ការចេញសេចក្ដីជូនដំណឹងផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ តទៅ ប្រេងឥន្ទនៈនៅកម្ពុជា នឹងចុះថោកជាងតម្លៃធម្មតា ១៦០រៀល ក្នុងនោះរដ្ឋជួយចេញ២សេន (៨០រៀល) ហើយក្រុមហ៊ុនប្រេងឥន្ទនៈនានា ក៏ជួយចេញ២សេនដែរ ដើម្បីទប់កុំឲ្យតម្លៃប្រេងឡើងថ្លៃ មានន័យថា ប្រសិនបើតម្លៃទីផ្សារធម្មតាលក់ក្នុងមួយលីត្រ ១ដុល្លារ (៤០០០រៀល) អ្នកទិញប្រេងចំណាយលុយតែ ៣,៨៤០រៀលប៉ុណ្ណោះ។
បើតាមសម្ដេចតេជោ ហ៊ុន សែន គ្រាន់តែរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល បានធ្វើការឧបត្ថម្ភទុនដោយស្ងាត់ស្ងៀម សម្រាប់រក្សានូវថ្លៃប្រេង នៅកម្ពុជាកុំឲ្យឡើង ដោយឲបញ្ចេញថវិកាជិត ៨៣លានដុល្លារអាមេរិក។ ប៉ុន្តែវិធានការនេះមិនគ្រប់គ្រាន់ទេ ពោលគឺត្រូវមានវិធានការបន្ថែមទៀត ដូចជា ទី១៖ កំណត់មូលដ្ឋាននៃការគិតពន្ធប្រេង ដោយធៀបទៅនឹងតម្លៃទីផ្សារអន្តរជាតិ និងទី២៖ បញ្ចុះអាត្រាអាករពិសេសចំពោះប្រេងសាំងពី ៣៥% មក ១៥% ប្រេងម៉ាស៊ូតពី ១៥% មក ៥.៥% និងប្រេងកាតពី ១៥% មក ១០%៕