(ភ្នំពេញ)៖ សកម្មជនយុវជនគណបក្សទូទាំងប្រទេស ប្រមាណជិត៣ពាន់នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បានចូលរួមអបអរសាទរខួបលើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមប្រធានបទ ៦៧ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា យុវជនរួមគ្នាឆ្ពោះទៅរកជយជម្នះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអនាគតកម្ពុជា នៅសាលមហោស្រពកោះពេជ្រ ។
លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល បានលើកឡើងពីប្រវតិ្តសាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រភព ពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាស្នេហាជាតិ ប្រឆាំងអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ។ ចាប់ពីពេលបានបដិសន្ធិមក គណបក្សបានរក្សាខ្ជាប់នូវសារជាតិរបស់ខ្លួន ដែលជាតំណាងដ៏បរិសុទ្ធ នៃផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនកម្ពុជា រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះរាល់ឧបសគ្គ ហ៊ានធ្វើពលីកម្មមិនរួញរា សំដៅកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកស្រីកិតិ្តសង្គហបណ្ឌិត បានបន្តថា រយៈពេល៣៩ឆ្នាំកន្លងមកនេះ ផ្តើមពីជ័យជម្នះ៧មករា សង្គមកម្ពុជាមានការផ្លាស់ប្តូរយ៉ាងធំធេងដែលពុំអាចនឹកស្មានដល់។ កម្ពុជា បានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្រ្គាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីគំនរផេះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ការពិតជាក់ស្តែងទាំងអស់នេះ កាន់តែឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា គណបក្សប្រជាជន ជារបស់ប្រជាជន ដោយសារប្រជាជន និងធ្វើអ្វីទាំងអស់ ដើម្បីប្រជាជន។
ពិធីនេះ ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន និងការចែករំលែកបទពិសោធន៍របស់យុវជនជំនាន់មុន ជូនយុវជនជំនាន់ក្រោយ ពិសេសនេះក៏ជាឱកាស នៃការត្រៀមខ្លួនរបស់សកម្មជនយុវជនគណបក្ស ដើម្បីចូលរួមក្នុងសមរភូមិសាធារណមតិ ក៏ដូចជាការដណ្តើមយកជយជម្នះជូនបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្នុងឱកាសនោះសកម្មយុវជន៣រូប ក្នុងចំណោមសកម្មជនយុវជនប្រមាណ២៦០០នាក់ មកពីតាមបណ្តារាជធានីខេត្ត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនស្រដៀងគ្នាថា បើមើលពីការវិវត្តប្រែប្រួល ពីទឹកដីដែលបែកបាក់ ប្រជាពលរដ្ឋស្លាប់ជាច្រើនម៉ឺននាក់ក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ក្នុងនោះក៏មានសមាជិកគ្រួសាររបស់ឪពុកម្ដាយគាត់ផងដែរ ត្រូវបានគេសម្លាប់យ៉ាងឃោរឃៅ តែមកទល់នឹងពេលនេះកម្ពុជា ជាទឹកដីឯកភាពជាតិតែមួយ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ប្រែក្លាយពីប្រទេសក្រីក្រ ផ្តើមពីបាតដៃទទេ ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ។
សកម្មយុវជន៣រូបបន្ដថា ដូចនេះយើងជាសមាជិក សមាជិកាបក្សទាំងអស់ ត្រូវរួមគ្នាជាមួយនិងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ បន្ដប្តេជ្ញាទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ គ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីទទួលបាននូវសុខសន្ដិភាព និងការរីកចម្រើន លើគ្រប់វិស័យ រួមទាំងសម្បូរនូវធនធានមនុស្ស ។ដូចនេះបងប្អូនប្រជាពលរដ្ឋយើង ត្រូវរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ជាតិគ្រប់ជំនាន់ គឺបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ដ្រី ។
ជាមួយគ្នានោះដែរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី ស្នើដល់សមាជិក សមាជិកាទាំងអស់ឲ្យយកចិត្តទុកដាក់ សិក្សាស្វែងយល់ពីបុព្វហេតុ នៃការកកើតរបស់គណបក្ស ជាពិសេសបេសកកម្មជាប្រវតិ្តសាស្រ្ត របស់គណបក្សក្នុងដំណាក់កាល៤០ឆ្នាំចុងក្រោយ។ ថ្វីត្បិតតែយុវជនមិនបានឆ្លងកាត់សម័យកាលទាំងនោះក៏ពិតមែន ក៏ប៉ុន្តែយុវជន គឺជាអ្នកទទួលផលពីសមិទ្ធផលទាំងនេះ ដែលគួរឲ្យតម្លៃ រៀនសូត្រ ចងចាំ និងបន្តជឿជាក់លើគណបក្សក្នុងការបន្តដឹកនាំ បង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។ ជាពិសេសក្នុងបរិបទនយោបាយថ្មីៗនេះ ដែលមានការប៉ុនប៉ងបង្កចលាចល និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានកម្លាំងខាងក្រៅនៅពីក្រោយផែនការយ៉ាងណាកី្ត គណបក្សប្រជាជនកម្ពុជាបានបង្ហាញនូវភាពចាស់ទុំផ្នែកនយោបាយ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រទេសជាតិ។ ប្រឈមនឹងស្ថានការណ៍នេះ ទោះជាស្ថិតក្នុងការលៈទេសៈណាក៏ដោយ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវភាពម្ចាស់ការ រឹងមាំតែប្រកាន់ខ្ជាប់នូវវិន័យ និងសេចកី្តថ្លៃថ្នូរ គោរពបទបញ្ជារបស់ប្រមុខដឹកនាំបក្ស យ៉ាងម៉ឹងម៉ាត់ ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់សង្គមជាតិ។
ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់សកម្មជនយុវជនទាំងអស់ ឲ្យបន្តការជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តនិរន្តរភាព នៃការអភិវឌ្ឍជាតិ។ បទពិសោធន៍ និងមតិណែនាំទាំងអស់នៅក្នុងជំនួបនេះ គឺជាមូលដ្ឋាន សម្រាប់ឲ្យយុវជនគណបក្សក្លាយជាឃោសនិក និងសកម្មជន ដ៏មានប្រសិទ្ធភាព ជាអ្នកផ្សព្វផ្សាយកម្មវិធីនយោបាយ និងការប្តេជ្ញាចិត្តរបស់គណបក្ស ជូនប្រជាពលរដ្ឋ ផ្តល់ទំនុកចិត្ត ជំនឿចិត្ត និងការពេញចិត្ត ក្នុងការបន្តជ្រើសរើសគណបក្សប្រជាជន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕