(ព្រៃវែង)៖ រយៈពេលពេញមួយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ តាំងពីព្រឹករហូតដល់ល្ងាច លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ យុវជនចំណាកស្រុក និងសិស្សានុសិស្ស ក្នុងកម្មវិធី៣ ដាច់ដោយឡែកពីគ្នា គឺមួយ៖ ពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល នៅអនុវិទ្យាល័យបាខៅ ក្នុងភូមិព្រៃផ្តៅ ឃុំស្តៅកោង មានប្រជាពលរដ្ឋចូលរួមប្រមាណ ១,៦០០ នាក់, ពីរ៖ ការជួបជុំ និងហូបបាយសាមគ្គីជាមួយនឹងយុវជន យុវនារីចំណាកស្រុក និងសិស្សានុសិស្ស ចំនួន ១៥០នាក់ និងបី៖ ការជួបតំណាងប្រជាជនមកពីភូមិនានាក្នុងឃុំឈើកាច់ដើម្បីស្ដាប់ពួកគាត់និយាយ និងនិយាយឲ្យពួកគាត់ស្ដាប់ ចំនួនប្រមាណ ៧០០ នាក់។
ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ យុវចំណាកស្រុក និងសិស្សានុសិស្សប្រមាណជាង ២,០០០នាក់នេះ លោក ព្រុំ សុខា ដែលជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំផងនោះ បានលើកឡើងរំលឹកពីប្រវត្តិសាស្ដ្ររយៈពេលជិត ៥០ឆ្នាំកន្លងទៅនេះ ដែលប្រទេសជាតិឆ្លងកាត់វិបត្តិ សង្គ្រាម របបប្រល័យពូជសាសន៍ និងដំណាក់កាល ការពារ ស្ដារ កសាងមាតុភូមិឡើងវិញដើម្បីយើងទាំងអស់គ្នាត្រូវចងចាំជាប់ជានិច្ចមិនអាចបំភ្លេចបាននូវរឿងរ៉ាវ ដែលបានកើតឡើងក្នុងអតីតកាលសម្រាប់ធ្វើជាមេរៀនពិសោធន៍កសាងអភិវឌ្ឍន៍មាតុភូមិឲ្យបានរុងរឿងថ្លៃថ្លានាពេលអនាគត។
ជាអាទិ៍ ការចងចាំពីវីរភាព និងពលីកម្មរបស់ឥស្សរជន និងជនរួមជាតិរបស់យើង ដើម្បីបញ្ចប់សង្គ្រាមនាំមកសន្ដិភាពដូចបច្ចុប្បន្ន និងការចងចាំពីការតស៊ូប្តូរផ្តាច់ស្លាប់រស់ដើម្បីផ្លាស់ប្ដូរពីរបបផ្ដាច់ការប្រល័យពូជសាសន៍មកកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋដូចបច្ចុប្បន្ន ព្រមទាំងការចងចាំពីការស្ដារ កសាងសង្គមជាតិ តាំងពីបាតដៃទទេក្នុងស្ថានភាពសេដ្ឋកិច្ចសង្គមក្រោមលេខសូន្យមកដល់ការអភិវឌ្ឍន៍ជម្រុញកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ហើយជីវភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់កាន់តែធូរធាររហូតមកដល់កម្រិតដូចសព្វថ្ងៃនេះ។
ជាចុងក្រោយ លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់ថា ដោយត្រូវ «ចងចាំអតីតកាល ដើម្បីអនាគត» យើងទាំងអស់គ្នាត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីរក្សាសន្ដិភាព ស្ថេរភាពឲ្យបានកាន់តែរឹងមាំ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័សធានាដល់អនាគតរុងរឿងត្រចះត្រចង់របស់មាតុភូមិយើង ហើយការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះកររបស់ប្រជាជនយើងនៅថ្ងៃ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺពិតជានឹងធានាឲ្យគោលការណ៍ចូលរួមដោយមិនខ្វះបានរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា សម្រេចជោគជ័យជាក់ជាមិនខាន៕