(កំពង់ធំ)៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក ញ៉ែម ថាវី បានដឹកនាំអតីតសិស្សអនុវិទ្យាបារាយណ៍ យកសម្ភារទៅប្រគល់ជូន លោកគ្រូ អ្នកគ្រូ នៅសាលាខ្មែរអង់គ្លេសសហគមន៍ជីនិត បន្ទាប់ពីប្រគល់អំណោយក៏ញាំអាហារសាមគ្គីក្នុងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយក្រៃលែង។
ការប្រគល់សម្ភារ និងពិសាអាហារសាមគ្គីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខ្មែរអង់គ្លេស សហគមន៍ជីនិត ដែលមានទីតាំងនៅភូមិបឹង សំរិត ឃុំបាល័ង្គ ស្រុកបារាយណ៍។
លោក ប៉េង ឃាង ជាអតីតសិស្សអនុវិទ្យាល័យបារាយណ៍ បានឲ្យដឹងថា ជាច្រើនលើកហើយ ដែលអតីតសិស្សអនុវិទ្យាល័យបារាយណ៍ បានយកចិត្តទុកដាក់គិតគូពីសុខទុក្ខសិស្សជំនាន់ក្រោយ ក្នុងសាលាសហគមន៍ជីនិត ឲ្យមានកម្លាំងចិត្តរៀនសូត្រដើម្បីជាទំពាំងស្នងឫស្សីទៅថ្ងៃក្រោយ ទើបពួកគាត់បបួលគ្នាយកអំណោយ និងសម្ភារមកជូនសាលាសហគមន៍មួយនេះ។
លោក ប៉េង ឃាង បានបន្តថា សាលាខ្មែរអង់ឃ្លេសសហគមន៍ជីនិតនេះ បានកសាងឡើងក្នុងឆ្នាំ២០១៧ ហើយចាប់ដំណើរការឲ្យសិស្សចូលរៀន រហូតមកដល់បច្ចុប្បន្ន ដែលមានមួយខ្នង៣២បន្ទប់ សម្រាប់សិស្សចូលរៀន២៤បន្ទប់ និងការិយាល័យបណ្ណាគារទីចាត់ការផងដែរ។
ជាមួយគ្នានេះ លោក ញ៉ែម ថាវី ដែលជាអ្នកផ្តួចផ្តើម និងចំណាយថវិកាផ្ទាល់ខ្លួនកសាងសាលាសហគមន៍នេះ បានបញ្ជាក់ថា ក្នុងគោលបំណងតបស្នងសងគុណ ដល់អ្នកដ៏មានគុណរបស់លោក គឺលោក ឌិត តាល់ និងលោកស្រី ឥ្យ បុប្ផា អតីតអ្នកតំណាងរាស្ត្រមណ្ឌលឈូក ខេត្តកំពត ដែលបានថែរក្សាបីបាច់ចិញ្ចឹមលោក តាំងពីតូចរហូតមានថ្ងៃនេះ។ ម្យ៉ាងទៀតដើម្បីសិស្សានុសិស្សបានរៀនសូត្រ បណ្តុះបណ្តាលចំណេះដឹង ទុកជាទុនសម្រាប់បន្តវេនអភិវឌ្ឍប្រទេសជាតិ ទៅថ្ងៃអនាគត។
លោកបន្តថា សាលាខ្មែរអង់គ្លេសសហគមន៍ជីនិតនេះ គឺចាប់ទទួលសិស្សចាប់ពីថ្នាក់ទី៤ ឡើងទៅទើបចូលរៀនបាន ហើយចាប់ពីថ្ងៃសម្ពោធឲ្យដំណើរការ រហូតមកដល់ពេលនេះ មានសិស្សចូលរៀនបាន៣បន្ទប់ មានចំនួនសិស្សសរុប៦៧នាក់។ លោកក៏បានអំពាវនាវ អតីតសិស្សនៅសាលាផ្សេងៗ ក៏ដូចជាសប្បុរសជននានា ដែលមានធុនធានសូមជួយឧបត្ថម្ភគាំទ្រជាថវិកា ក៏ដូចជាសម្ភារដល់សាលានេះបន្តទៀត។
អំណោយរបស់អតីតសិស្សអនុវិទ្យាល័យ ដែលប្រគល់ជូនសាលានាឱកាសនោះមាន ទូរទស្សន៍ចំនួន៣គ្រឿង អំពូល សឡាចំនួន៤ ចំណែកលោក ប៉េង ឃាង បានប្រគល់បង់សម្រាប់អង្គុយលេងចំនួន៤កំម្លេ ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកផងដែរ៕