(កំពត)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានសហការជាមួយ សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកំពត បានចុះចែកសៀវភៅ បុិច ថ្នាំដុសធ្មេញ និងប្រាប់នូវវិធីដុស និងថែទាំធ្មេញជូនដល់សិស្សសាលាបឋមសិក្សាកូនសត្វ ចំនួន៤០០នាក់ នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ។
បើតាមសមាជិក ក.១៥៧ សាខាខេត្តកំពត បានឲ្យដឹង កិច្ចការមនុស្សធម៌នេះ គឺធ្វើឡើងឆ្លើយតបតាមណែនាំរបស់ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក.១៥៧) ដែលជារឿយៗតែងតែណែនាំដល់សមាជិកទាំងអស់ ឲ្យចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ និងកិច្ចការសង្គម តាមលទ្ធភាពដែលអាចធ្វើបាន។
សមាជិក ក.១៥៧ បន្តថា ហើយអ្វីជាគោលដៅរបស់ក្រុម១៥៧ធ្វើ គឺធ្វើដោយឆន្ទៈ និងមិនគិតពីផលប្រយោជន៍អ្វីផ្សេងនោះទេ ពោលគឺធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ចុះជួយប្រជាពលរដ្ឋ និងធ្វើកិច្ចការសង្គមតាមលទ្ធភាពដែលអាចធ្វើបាន៕