(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវក្រាលថ្មភ្នំ ប្រវែង ៣ ០០០ម៉ែត្រ ទទឹង៨ម និងដាឡូមុខពីរ ចំនួន ០១កន្លែង ស្ថិតក្នុងស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនេះលោក វង្សី វិស្សុត បានពាំនាំក្តីនឹករលឹក និងការអរគុណ របស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសំបួរមាសនេះ ដែលជារៀងរហូតមកតែងតែគាំទ្របោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះគ្រប់ការបោះឆ្នោតទាំងអស់ ហើយក៏ជឿជាក់យ៉ាងម៉ុតមាំថា បងប្អូនទាំងអស់នឹងបន្តគាំទ្ររួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជាឈានទៅរក សុខសន្តិភាព និងការអភិវឌ្ឍកាន់តែខ្លាំងក្លា។

លោក វង្សី វិស្សុត បានមានប្រសាសន៍ទៅកាន់អង្គពិធីថា សមិទ្ធផលខាងលើនេះ គឺជាចំណងដៃថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងមូលដ្ឋានឃុំសំបួរមាសនេះ សម្រាប់ចូលរួមចំណែកបន្ថែមទៀត ក្នុងជួយដោះស្រាយបញ្ហាធ្វើដំណើប្រចាំថ្ងៃ និងលើកតម្កើងជីវភាពរបស់បងប្អូនយើងរស់នៅជុំវិញតំបន់នេះ។

លោកបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋថា ដើមឡើយឃុំសំបួរមាសគឺហាក់ដូចជា ស្ថិតនៅឆ្ងាយខ្លាំងណាស់ពីរាជធានីភ្នំពេញ ដោយសារតែគ្មានហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ធ្វើដំណើរ ដែលការធ្វើដំណើរនៅពេលនោះ ជួបការលំបាកដោយការជិះទូក ប៉ុន្តែបច្ចុប្បន្ន ឃុំសំបួរមាសមិនស្ថិតនៅឆ្ងាយពីទីក្រុងភ្នំពេញទៀតនោះទេ ពោលគឺ ឥឡូវនេះមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូ ផ្លូវបេតុង និងស្ពានថ្ម សម្រាប់ធ្វើដំណើរចេញចូលបានស្រួលជាមុន និងលឿនជាមុន, មានប្រព័ន្ធធរាសាស្ត្រសម្រាប់ ប្រកបរបរស្រែចំការកាន់តែងាយស្រួលជាងមុន, មានភ្លើងអគ្គីសនីកាន់តែថោកជាងមុន, មានការងារធ្វើគ្រប់គ្នា នាំឱ្យមានប្រាក់ចំណូលកាន់ច្រើនជាងមុន និងកម្រិតជីវភាពកាន់ធូរធាជាងមុន ដែលទាំងនេះស្តែងឱ្យឃើញនូវការ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលតាមរយៈក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ទាំងអស់។

លោក វង្សី វិស្សុត បានគូសបញ្ជាក់បន្ថែមថា យោងតាមសន្ទុះនៃការអភិវឌ្ឍន៍នៅក្នុងឃុំសំបួរមាសកន្លងមកនេះ តទៅមុខទៀត តំបន់នេះនឹងក្លាយទៅជាទីប្រជុំជន ហើយអាចឈានទៅក្លាយជាផ្នែកនៃទីក្រុងភ្នំពេញផងដែរ ដែលកាន់តែផ្តល់អំណោយផលដល់ការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗរបស់បងប្អូនទាំងអស់គ្នា។ ការរីកចម្រើនយ៉ាងលឿននេះ គឺផ្តើមចេញពីការគិតគូរផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន ហើយក្នុងរយៈពេល ៥ឆ្នាំ ទៅមុខទៀត គឺជារយៈពេល ដែលរដ្ឋាភិបាលនឹងបង្កើនកិច្ចខំប្រឹងប្រែងលើការងារកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសផ្តល់អាទិភាពលើ វិស័យអប់រំ, វិស័យសុខាភិបាល និងវិស័យគាំពារសង្គម ។

លោកបានសង្កត់ធ្ងន់ថា មានតែគណបក្សប្រជាជនតែមួយគត់ដែលតែងតែរួមរស់ជាមួយបងប្អូនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ហើយនឹងបន្តនៅជាមួយគ្នា និងខិតខំធ្វើឱ្យជីវភាពបងប្អូនកាន់តែល្អប្រសើរ។

ជាមួយគ្នានេះដែរ លោលបានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នា អនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបន្តកែលម្អការផ្តល់សេវាសាធារណៈផ្សេងៗជូនទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព។

លោកក៏បានផ្តាំផ្ញើរដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តដាក់ខ្ពស់ក្នុងការដោះស្រាយទំនាស់បញ្ហាទំនាស់ដីធ្លី ហើយជួយការពារប្រជាជនទន់ខ្សោយ ក្រោមគោលការណ៍ស្របច្បាប់និងយុត្តិធម៌ ហើយសូមអំពាវនាវដល់ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សហការជាមួយអាជ្ញាធរ រួមគ្នាទប់ស្កាត់ការរំលោភបំពានលើ ដី និងបឹង ដែលជាទ្រព្យសម្បត្តិសាធារណៈ។

នៅចុងបញ្ចប់លោក អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមបោះឆ្នោតជូន គណៈបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ពីព្រោះឱ្យតែគណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល, ឱ្យតែសម្តេចតេជោ ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កិច្ចខំប្រឹងប្រែងការងារអភិវឌ្ឍន៍ទាំងក្នុងតំបន់នេះ និងទូទាំងប្រទេសទាំងមូល នឹងបន្តឈានទៅមុខកាន់តែលឿន កាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕