(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានបន្តអំពាវនាវជាថ្មី ដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទូទាំងខេត្ដ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ជាវ តាយ បានអំពាវនាវបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ នៅស្រុកអង្គរជ័យ និងស្រុកទឹកឈូ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអង្គរជ័យ និងនៅទីស្នាក់ការគណបក្សប្រជាជន កម្ពុជាខេត្តកំពត ប្រមាណ ១៨៤៤នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក ជាវ តាយ បានថ្លែង ប្រហាក់ប្រហែលគ្នាទៅកាន់លោកគ្រូ អ្នកគ្រូទាំង២ស្រុកខាងលើ នូវការពាំនាំ សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេច តេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលលោកគ្រូ អ្នកគ្រូ សហការីអប់រំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធដែលតែងតែបានខិតខំយកចិត្តទុកដាក់សហការរួមគ្នាក្នុងបុព្វហេតុធ្វើ អោយវិស័យអប់រំ យុវជននិងកីឡាក្នុងខេត្តកំពត មានការរីកចំរើនជាបន្តបន្ទាប់។
ឆ្លើយតបតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨ និងការកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជា យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់គិតគូរខ្ពស់លើវិស័យអប់រំ ក្នុងចំណោម វិស័យអាទិភាព ទាំង៤ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំ ការដំឡើងប្រាក់បៀវត្សប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការ គ្រូបង្រៀន ជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងនោះផងដែរ ប្រាក់បៀវត្សរ៍អប្បបរមាគ្រូបង្រៀនកម្រិតបឋម ត្រូវបានកើនឡើងពី៥០ម៉ឺនរៀល ក្នុងឆ្នាំ២០១៣ ដល់ជាង១លានរៀលក្នុងឆ្នាំ២០១៨នេះ។
ដូចនេះយើងទាំងអស់គ្នាត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ យើងត្រូវទៅបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំដែលយើងស្រលាញ់ ដែលយើងចង់បានដោយគោរពតាមគោលការណ៍ច្បាប់ និងគោលការណ៏ នៃលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងឱកាសនោះ លោក ជាវ តាយ ក៏បាននាំយកនូវថវិកាសម្ដេចតេជោហ៊ុន សែន ឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូទូទាំងស្រុកអង្គរជ័យ និងស្រុកទឹកឈូ សរុបចំនួន១៨៤៤នាក់ ម្នាក់ៗ ទទួលបាន៥ម៉ឺនរៀលផងដែរ៕