(ស្វាយរៀង)៖ លោក ហ៊ឹម ឆែម សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានលើកឡើងថា វត្តមានគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំជាតិ នឹងធានាបាននូវសុខសន្តិភាព ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិផងដែរ។ ផ្ទុយទៅវិញបើពលរដ្ឋមើលរំលងគណបក្សប្រជាជនកម្ពុជា គឺប្រៀបបាននឹងមើលរំលងសុខសន្តិភាព ក៏ដូចជាការអភិវឌ្ឍរបស់ជាតិកម្ពុជាផងដែរ។

លោក ហ៊ឹម ឆែម លើកឡើងបែបនេះ ក្នុងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ១,៣១៦នាក់ មកពីភូមិចំនួន៣ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ ៣រោចខែបឋមាសាឍ ឆ្នាំច សំរឹទ្ឋស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

នៅចំពោះមុខប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដែលជាខេត្តប្រមូលផ្តុំដោយអ្នកស្នេហាជាតិជាច្រើនក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ លោក ហ៉ឹម ឆែម បានរំលឹកពីប្រវត្តិនៃទុក្ខវេទនាពីអតីតកាលរបស់កម្ពុជា ដោយសារតែភ្លើងសង្គ្រាម និងទុក្ខវេទនារបស់ខ្មែររបបព្រៃផ្សៃរបស់បនប្រល័យពូជសាសន៍ប៉ុលពត។

លោក ហ៉ឹម ឆែម បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ធំរបស់ជាតិកម្ពុជាដែលថ្នាក់ដឹកនាំរួមមានសម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ផងនោះ បានប្រឹងប្រែងលះបង់សេចក្តីសុខយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជីវិតពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា គឺរដ្ឋបុរសដ៏អស្ចារ្យដោយមិនត្រឹមតែយកជីវិតរំដោះជីវិតពលរដ្ឋកម្ពុជានោះទេ ហើយថែមទាំងយកជីវិតទៅពន្លត់ភ្លើងសង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិជាធ្លុងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាអស់រយៈពេល ៥០០ឆ្នាំថែមទៀតផង។

«ទាំងការរំដោះជីវិតប្រជាពលរដ្ឋ ការរកសុខសន្តិភាព និងការអភិវឌ្ឍជាតិ គឺជាសមិទ្ធផល និងជាការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលអាចការពារភ្លើងសង្គ្រាម រក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ជាតិកម្ពុជា បើបងប្អូនមើលរំលងគណបក្សប្រជាជនកម្ពុជា គឺស្មើនឹងការមើលរំលងសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា»។ លោក ហ៉ឹម ឆែម គូសបញ្ជាក់។

លោក ហ៉ឺម ឆែម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីបន្តទទួលបានការអភិវឌ្ឍជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕