(បាត់ដំបង)៖ តំណាងរាស្រ្តមណ្ឌលបាត់ដំបង បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ក្នុងឃុំអូរដំបង២ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះថា ក្នុងប្រវត្តិសាស្រ្តខ្មែរ មានតែសម័យតេជោមួយគត់ ដែលប្រជាពលរដ្ឋខ្មែររស់នៅ មានសុខសន្តិភាពពេញលេញបានយូរអង្វែង និងអភិវឌ្ឍន៍រីកចម្រើនខ្លាំងបំផុត បើប្រៀបធៀបទៅនឹងរបបដឹកនាំជំនាន់មុនៗ។
នេះជាការលើកឡើងរបស់លោក ឡោក ហ៊ួរ ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួនជាង៣ពាន់នាក់ មកពី៦ភូមិ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ឡោក ហ៊ួរ បានឲ្យដឹងថា ជាច្រើនទសវត្សរ៍មកហើយ ប្រវត្តិសាស្រ្តប្រទេសខ្មែរយើង ក្រោយបានឯករាជ្យ ពីអាណាគមបារាំង ក្នុងរបបសង្គមរាស្រ្តនិយម គ្រប់គ្រងដោយសម្តេចឪ ប្រជាពលរដ្ឋបានសុខសប្បាយ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែរបប លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪគាំទ្រ ដោយពួកបរទេស គឺបានស្គាល់តែសង្រ្គាមខ្មែរនិងខ្មែរ និងឈានដល់របបគ្រប់គ្រង ដោយខ្មែរក្រហម បន្តកាន់កាប់ស្គាល់តែការកាប់សម្លាប់ បំផ្លិចបំផ្លាញហេដ្ឋារចនារម្ព័ន្ធគ្រប់វិស័យ ខ្ទេចខ្ទីអស់គ្មានសល់ ប្រជាពលរដ្ឋរស់ដោយវេទនា ស្ទើរផុតពូជអស់។
អ្នកតំណាងរាស្រ្តបានបញ្ជាក់ថា បើគ្មានថ្ងៃរំដោះ ថ្ងៃ៧មករា១៩៧៩ ដឹកនាំដោយគណបក្ស CPP ទេ គឺប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេស ក៏មិនបានរស់រានមានជីវិត ដល់សព្វថ្ងៃនេះដែរ។ មិនតែប៉ុណ្ណោះក្រោយពីបានរំដោះជាតិហើយ ថ្នាក់ដឹកនាំយើងគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិ ដោយបាតដៃទទេ រហូតដល់មានការរីកចម្រើនដល់សព្វថ្ងៃ ដោយបានបញ្ចប់សង្រ្គាមខ្មែរ និងខ្មែរ តាមរយៈការចរចាស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ក្រោមគោលនយោបាយឈ្នះឈ្នះ ខ្មែរស្ថិតក្រោមដំបូលតែមួយ និងថ្មីៗនេះយើងបានទប់ស្កាត់ បានទាន់ពេលវេលាចំពោះជនក្បត់ជាតិ ដែលបានឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើង តាមរយៈប្រជាពលរដ្ឋបោះឆ្នោតឲ្យ។ ចំណែកពួកជនអគតិក្រុមប្រឆាំងផ្កាប់មុខវិញ បានធ្វើអ្វីខ្លះសម្រាប់ជាតិ និងប្រជាពលរដ្ឋ គឺអត់។ បានត្រឹមតែដើរបោកប្រាស់ ញុះញង់ ឲ្យខ្មែរស្អប់ខ្មែរគ្នាឯង យកបរទេសជាមេរបស់ខ្លួនប៉ុណ្ណោះ។
លោកបានបន្តថា រីឯគណបក្ស CPP វិញ បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋរហូតមក បានជួយដោះស្រាយកង្វល់ ទុក្ខលំបាករបស់ប្រជាពលរដ្ឋជាធំ តាមបម្រើប្រជាពលរដ្ឋជាប្រចាំ បានកសាងសមិទ្ធិផលលើគ្រប់វិស័យជាច្រើន ពិសេសនៅតាមមូលដ្ឋានរីកចម្រើនខ្លាំង យ៉ាងឆាប់រហ័ស និងបន្តបម្រើប្រជាពលរដ្ឋបន្ថែមទៀត ដោយគ្មានលក្ខខណ្ឌ ចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ ជាចៅហ្វាយ ធ្វើយ៉ាងណាឲ្យតែពួកគាត់បានសុខសប្បាយ រៀងរហូតតទៅ។
ដើម្បីឆ្លើយតបទៅនឹងអំពើល្អ របស់គណបក្ស CPP ដែលបានបម្រើរាស្រ្តកន្លងមក លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្ស CPP ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រុងរឿងជាតិយើង។ ក្នុងឱកាសនោះដែរលោកប្រធាន បានជូនថវិកាកំដរដៃដល់អ្នកចូលរួមទាំង៣៤០០នាក់ ម្នាក់ៗទទួលបាន១ម៉ឺនរៀល។
ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណ ដល់លោកប្រធានក្រុមការងារ ដែលតែងជួយដោះស្រាយរាល់សំណូមពរ និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋបានទាន់ ពេលវេលាកន្លងមក ហើយបានប្តេជ្ញាចិត្តថា បន្តគាំទ្របោះឆ្នោតជូនគណបក្ស CPP ដើម្បីដឹកនាំប្រទេសមានការអភិវឌ្ឍន៍ខ្លាំងជាងមុន និងមានសន្តិភាពរៀងរហូតតទៅ៕