(បាត់ដំបង)៖ នៅចំពោះមុខសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបចាកចេញពីអតីតគណបក្សសង្រ្គោះជាតិ លោក ឡេង ប៉េងឡុង សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្រឡាញ់ប្រជាធិបតេយ្យ ការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ។
លោក ឡេង ប៉េងឡុង លើកឡើងបែបនេះ ក្នុងពេលបានអញ្ជើញបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ៤៦៨រូប ដែលភាគច្រើនជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ នៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នារសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ។
ជាមួយមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពលរដ្ឋ ដែលបានងាកមករួមរស់ជីវភាពនយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជានេះ លោក ឡេង ប៉េងឡុង បានលើកឡើងពីពលីកម្មរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ កសាងសន្តិភាព និងបានអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនជាលំដាប់ កំណើនសេដ្ឋកិច្ចថេររៀងរាល់ឆ្នាំ ក្នុងរង្វង់៧% ហេដ្ឋារចនាសម្ព័ន្ឋសង្គម កសាងពីទីក្រុងដល់ជនបទ ជីវភាពពលរដ្ឋមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានក្រុមការងាររូបនេះ បានលើកឡើងថា «រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នឹងបន្តដោះស្រាយបញ្ហារបស់ពលរដ្ឋទៀត ដូច្នេះអ្វីដែលជាកង្វល់ តម្រូវការ របស់ពលរដ្ឋសូមឲ្យមានការលើកឡើង ហើយក្រុមការងារនឹងដោះស្រាយជូន ឬរាយការណ៍ជូនថ្នាក់ដឹកនាំបើពុំមានលទ្ឋភាពនោះ។ ចាប់ពីពេលនេះ យើងជាគ្រួសារតែមួយ ដូច្នេះបើមានបញ្ហា និងសំណូមពរ ណាមួយត្រូវលើកឡើង មិនគួរលាក់ទុកនោះទេ ដើម្បីយើងដោះស្រាយបញ្ហាទាំងអស់នោះរួមគ្នា»។
តំណាងអតីតគណបក្សសង្រ្គោះជាតិ ដែលស្ម័គ្រចិត្តចូលរួមជីវភាពជាមួយមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នាឱកាសនេះ បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកម្មវិធីគោលនយោបាយ និងសកម្មភាពគណបក្សប្រជាជនកម្ពុជា ឃើញថា គណបក្សដឹកនាំរាជរដ្ឋាភិបាលមួយនេះមានឧត្តមគតិខ្ពង់ខ្ពស់ មានគោលនយោបាយ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន តាំងពីដើមមក។
សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តថា នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត ដើម្បីអនាគត កូនចៅជំនាន់ក្រោយ ក៏ដូចជាប្រទេសជាតិ។
សូមជម្រាបថា ចាប់តាំងពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការរំលាយចោលក្រោមបទចោទប្រកាន់ថាក្បត់ជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក នៅសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ អតីតសមាជិកគណបក្សជាច្រើនរយនាក់ បានងាកមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងបានប្តេជ្ញាថា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ៕