(កណ្តាល) ៖ បុរសម្នាក់បានក្លាយជាអ្នកទោសស្នេហា ក្រោយធ្វើសកម្មភាពចាប់រំលោភនារីម្នាក់មិនបានសម្រេច កាលពីម៉ោងជាង៧ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ច.ថ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាកសិករមាន ទីលំនៅសព្វថ្ងៃភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ចំណែកជនសង្ស័យឈ្មោះ សរ.ទែល. ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរមានមុខរបរកសិកររស់នៅក្នុងភូមិ ឃុំជាមួយគ្នា។
នគរបាលបានបន្តថា មុនពេល កើតហេតុជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាដើរទៅរកដកផ្សិតតែពីរនាក់ នៅចំណុចក្នុងព្រៃខាងក្រោយភូមិ ពេលដើរទៅដល់កន្លែងដកផ្សិត ស្ត្រីរងគ្រោះបានដើររកកន្លែងព្រៃដកផ្សិត រីឯជនសង្ស័យបានដើររកកន្លែងព្រៃផ្សេង ។
លុះដើររកផ្សិតបានមួយសន្ទុះ ជនសង្ស័យបានស្រែកហៅរកស្ត្រីរងគ្រោះ ពេលនោះស្ត្រីរងគ្រោះបានឆ្លើយតបថាខ្ញុំនៅដកឯណេះ។ បន្ទាប់មកជនសង្ស័យបានដើរទៅរកស្ត្រីរងគ្រោះ ពេលជួប ជនសង្ស័យបានសុំមើលថង់ដាក់ផ្សិតរបស់ស្ត្រីរងគ្រោះ ហើយក៏ឆក់ឱកាសចាប់ផ្តួលស្ត្រីរងគ្រោះអោយដួលទៅនឹងដីហើយឡើងពោបពីលើស្ត្រីរងគ្រោះធ្វើសកម្មភាពអោបថើប និងយកដៃចាប់ច្របាច់ដោះ និងប្រដាប់ភេទស្ត្រីរងគ្រោះ ។ ភ្លាមៗនោះ ស្ត្រីរងគ្រោះបានរើបំរាស់ច្រានជនសង្ស័យចេញបណ្តាលអោយដួល ហើយស្ត្រីរងគ្រោះបានរត់ចេញពីកន្លែងកើតហេតុមកផ្ទះរបស់ខ្លួនវិញ។ពេលមកដល់ផ្ទះភ្លាម ស្ត្រីរងគ្រោះបាននិយាយពីរឿងហេតុខាងលើប្រាប់ម្តាយ ហើយម្តាយបាននាំទៅប្តឹងលោកមេភូមិ រួចលោកមេភូមិបានរាយការណ៍ មកនគរបាលប៉ុស្តិ៍កំពង់លួង ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅកន្លែងនគរបាល គេនៅមិនទាន់ដឹងថាជនសង្ស័យឆ្លើយសារភាពឬយ៉ាងណានោះទេ៕