(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជានិវត្តជនស៊ីវិលចំនួន២៣១រូប និងជាមន្រ្តីរាជការស៊ីវិលចំនួន៣០១រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោក អង្គ វង្ស វឌ្ឍានា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និវត្តជនស៊ីវិល និងមន្រ្តីរាជការស៊ីវិល ដែលបានរួមចំណែកទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ក្នុងការបំពេញតួនាទីភារកិច្ចបម្រើសេវាសាធារណៈ ជូនប្រជាជននៅស្រុកមោងឬស្សី។

លោកក៏បានលើកឡើងអំពីគោលនយោបាយរ បស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរជាប្រចាំ ចំពោះសុខទុក្ខរបស់និវត្តជនស៊ីវិល និងមន្រ្តីរាជការស៊ីវិល តាមរយៈការដំឡើងប្រាក់បៀវត្សរ៍ និងរបបសន្តិសុខសង្គមប្រចាំខែ ការរៀបចំឱ្យមានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាព និងការផ្តល់ជូននូវប្រាក់ឧបត្ថម្ភផ្សេងៗទៀត។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តការយកចិត្តទុកដាក់ខ្ពស់លើអត្ថប្រយោជន៍របស់មន្រ្តីរាជការស៊ីវិល និងនិវត្តជនស៊ីវិល ក៏ដូចជាប្រជាជនទូទៅ បន្ថែមលើផែនការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយចីរភាព ជាពិសេសការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ហើយឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផល និងមរតកដែលរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាបានខិតខំកសាង តាំងពីឆ្នាំ១៩៧៩ មក។

លោក អង្គ វង្ស វឌ្ឍានា បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជានិវត្តជនស៊ីវិល និងជាមន្រ្តីរាជការស៊ីវិលទាំងអស់ ដែលតែងតែរួបរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយបូជាលះបង់កម្លាំងកាយចិត្តកសាងសមិទ្ធផលជាច្រើន ជូនប្រជាជនកម្ពុជាកន្លងមក ព្រមទាំងអំពាវនាវដល់សមាជិកទាំងអស់ឲ្យបន្តគាំទ្រ និងរួបរួមជាមួយគណបក្សប្រជាជនកម្ពុជាបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដ៏ខ្លីខាងមុខនេះ ពោលគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានន័យថាជាការបោះឆ្នោត ដើម្បីរក្សាសន្តិភាពក្នុងផ្ទៃប្រទេស និងឱ្យមានការអភិវឌ្ឍពិតប្រាកដនៅកម្ពុជា៕