(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារយកម៉ូទ័រឈូសឈើដោតឌុយដើម្បីឈូសឈើក៏ប៉ះចំម៉ូទ័រឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិចំការជ្រៃខាងត្បូង
ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ខៀវ តូតា អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ សាក្សី
នៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រដៃឈូសឈើបំរ៉ុងទៅឈូសឈើ។ពេលចាប់
ម៉ូទ័រប្រុងនឹងឈូស ស្រាប់តែម៉ូទ័រនោះឆ្លងចរន្តអគ្គិសនីឆក់ដៃខាងស្ដាំជាប់រហូតទាល់តែដួលក្រាបលើម៉ូទ័រ។ ភ្លាមៗនោះក្រុមគ្រួសារ
ក៏បានជួយលើកជនរងគ្រោះយកទៅកប់នឹងដីខ្សាច់ក្បែរផ្ទះដែរ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី ពិតប្រាកដមែន។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕