(ព្រះសីហនុ)៖ ខេត្តព្រះសីហនុ ជាខេត្តដំបូងគេដែលបានផ្ដួចផ្ដើមបង្កើតនូវ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តមួយនេះ ដែលជាចំណែកមួយនេះ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដើម្បីរួមចំណែកបន្តនិរន្តរភាពប្រតិបត្តិការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាប្រយោជន៍សម្រាប់កុមារទាំងឡាយ ជាពិសេសកុមារក្រីក្រ ដែលមានជំងឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនេះ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានក្ដីរំពឹងជុំវិញការបង្កើតមូនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុនេះថា ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ខេត្តព្រះសីហនុ នឹងចូលរួមចែករំលែកធនធានដើម្បីទ្រទ្រង់មន្ទីរពេទ្យមួយនេះ ដើម្បីមានលទ្ធភាពបន្តដំណើរការ សង្គ្រោះកុមារកម្ពុជាយើង ដែលមានជំងឺជាបន្តទៀត។
យោងតាមសេចក្ដីសម្រច ស្ដីពីការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុនេះ ទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត រង់ចាំទទួលការបរិច្ចាគពីសប្បុរសជន និងត្រូវដាក់ប្រាក់បរិច្ចាគ ក្នុងគណនីមូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារកាណាឌីយ៉ា ដែលមានគណនីសម្រាប់ប្រាក់រៀលគឺ ០០១-០០០៤៥១៧៣៤៨ និងសម្រាប់ប្រាក់ដុល្លារគឺ ០០១-០០០៤៥១៧៣៣៧ ឲ្យបានឆាប់រហ័សតាមតែអាចធ្វើបាន និងសូមបញ្ជូនឈ្មោះ ភេទ ចំនួនទឹកប្រាក់បរិច្ចាគ និងលេខទូរស័ព្ទរបស់សប្បុរសជន ទៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដោយទំនាក់ទំនងតាមលេខទូរស័ព្ទ ០៦១ ៧០១ ១១១ ឬ០៩៦ ៧០១ ១១១១ ដើម្បីធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយឈ្មោះសប្បុរសជន ឲ្យបានទាន់ពេលវេលា ក្នុងគោលដៅធានាតម្លាភាព និងទំនុកចិត្តសាធារណៈជន។
សូមបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០១៨នេះ «មូលនិធិគន្ធបុប្ផាកម្ពុជា» ត្រូវបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយថវិកាទ្រទ្រង់ដំណាក់កាលដំបូងជាង ១១លានដុល្លារអាមេរិក ក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដែលបានផ្ដល់សេវាថែទាំ និងព្យាបាលមាតា ទារក និងកុមារកម្ពុជាអស់រយៈកាលជាច្រើនឆ្នាំមកនេះ។
កាលពីឆ្នាំ២០១៤ ក្រុមអតីតសិស្សានុសិស្ស នៃវិទ្យាល័យសម្តេចឪ ខេត្តព្រះសីហនុ ជំនាន់ឆ្នាំ១៩៩៣-៩៤-៩៥ បានប្រមូលថវិកាចំនួន ៥,០០០ដុល្លារ យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាម្តងរួចមកហើយ៕