(ខេត្តព្រះវិហារ) ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ លោកអ៊ុន ចាន់ដាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូជិត៣០០នាក់ និងបានប្រកាសគណៈកម្មាធិការគណបក្សមូលដ្ឋាននៅវិទ្យាល័យសង្គមថ្មី អនុវិទ្យាល័យរអាង និងអនុវិទ្យាល័យប្រាសាទព្រះខ័នផងដែរ។
នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ប្រធាន អនុប្រធានគណបក្សតាមមូលដ្ឋានស្រុក ឃុំ ភូមិរួមជាមួយលោកគ្រូ អ្នកគ្រូចំនួន២៣៤នាក់ផងដែរ។
លោកអ៊ុន ចាន់ដាបានថ្លែងនូវការអបអរសារទរចំពោះលោកគ្រូ អ្នកគ្រូនៅទូទាំងស្រុកសង្គមថ្មី ដែលត្រូវបានប្រកាសក្នុងគណៈកម្មាធិការបក្សមូលដ្ឋាននៅតាមសាលានានា ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ថាលោកគ្រូ អ្នកគ្រូគាត់បានយល់ច្បាស់ពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា ពីការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រោះកាលពីមុនលោកគ្រូ អ្នកគ្រូក៍ជាអ្នករិះគន់ដ៍សកម្មមកលើរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាដែរ។ក្រោមការកែទម្រង់សុីជម្រៅនិងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅលើកកម្ពស់ជីវភាពគ្រូបង្រៀនរបស់យើងនោះ គេកត់សម្គាល់ឃើញថាធ្វើអោយគ្រូបង្រៀនគ្រប់ៗរូបទទួលយកបាន
និងមានការសប្បាយចិត្ត។ករណីនេះវាបានបង្ហាញយ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវការអ្នកចេះដឹងសម្រាប់រួមសហការគ្នាកសាងប្រទេសជាតិ ដែលខុសពីការដឹកនាំរបស់ប៉ុលពតគឺសម្លាប់អ្នកចេះដឹងគ្មានសល់នោះទេ។
ជាមួយគ្នានេះផងដែរលោកអ៊ុន ចាន់ដា បានណែនាំអោយលោកគ្រូ អ្នកគ្រូត្រូវខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សអោយក្លាយជាពលរដ្ឋល្អ ក្លាយជាសិស្សល្អដែលពោពេញទៅដោយចំណេះដឹងដើម្បីចូលរួមចំណែកកសាងប្រទេសជាតិយើងអោយកាន់តែមានការអភិវឌ្ឍន៍រីកចំរើនថែមទៀត។ជាមួយគ្នានោះ លោកក៏បានជម្រុញអោយលោកគ្រូអ្នកគ្រូអញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសជាតិអោយទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិសយ័ជាបន្តទៅមុខទៀត៕