(ស្វាយរៀង) ៖ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធនានានៅក្នុងខេត្តស្វាយរៀង បានរួមដំណើរជាមួយលោកអភិបាលខេត្ត នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យទីតាំងភូមិសាស្ត្ររមណីដ្ឋានប្រាសាទបាសាក់ ដើម្បីធ្វើការអភិវឌ្ឍន៍ អោយក្លាយទៅជាតំបន់រមណីដ្ឋានទេសចរណ៍។
មានប្រសាសន៍នៅក្នុងការចុះពិនិត្យរមណីដ្ឋាននេះ លោកម៉ែន វិបុល អភិបាលខេត្ត បានបញ្ជាក់ថាបច្ចុប្បន្នរដ្ឋបាលខេត្តស្វាយរៀង បាននឹងកំពុងពិនិត្យរៀបចំ ដើម្បីអភិវឌ្ឍន៍រមណីដ្ឋានប្រាសាទបាសាក់ អោយក្លាយជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនា ក្នុងនោះបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងប្រវែង ប្រមាណ៤គីឡូម៉ែត្រដែលកំពុងដំណើការ សាងសង់ផងដែរ។
លោកបន្តថា ជាការពិតណាស់គោលបំណងនៃការបង្កើតនូវរមណីដ្ឋានតំបន់ប្រវត្តិសាស្ត្រនេះ ដើម្បីរក្សាការពារនូវទីតាំងវប្បធម៍ ប្រវត្តិសាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីបុរាណកាលយូរលង់មកហើយ។
ក្នុងនោះក៏បានលើកកម្ពស់នូវវិស័យទេសចរណ៍ ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ហើយបានបង្កើត នូវមុខរបរជូនប្រជាពលរដ្ឋក្នុងការស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃនៅតំបន់នេះនាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
សូមបញ្ជាក់ថា រមណីដ្ឋានប្រាសាទបាសាក់ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ផ្នែកខាង កើតឈាងខាងត្បូង នៃទីរួមខេត្តស្វាយរៀង។ រមណីដ្ឋាននេះមានចំងាយប្រហែល៨គីឡូម៉ែត្រពីទីរួមខេត្ត ហើយមានក្រឡាផ្ទៃប្រមាណ៩ហិកតា ដែលមានទីតាំងស្ថិតនៅខាងជើង និងខាងកើតទល់នឹងទន្លេវ៉ៃគោ ខាងលិច និង ខាងត្បូងទល់នឹងភូមិប្រជាពលរដ្ឋ។រមណីដ្ឋានប្រាសាទបាសាក់បានស្រូបយកនូវភ្ញៀវទេសចរមកទស្សនា និងកំសាន្តសប្បាយជា
បន្តបន្ទាប់ផងដែរនាពេលបច្ចុប្បន្ននេះ។ ចំពោះទីតាំងភូមិសាស្រ្ត នៃរមណីដ្ឋាននេះ ជាដីទួលដ៏ចំណាស់មួយមានព្រៃឈើជាច្រើនហ៊ុព័ទ្ធ។ បើតាមការអោយដឹង និងការសិក្សាស្រាវជ្រាវរបស់មន្ទីវប្បធម៌ និងវិចិត្រសិល្បះខេត្តបានបញ្ជាក់ថា រមណីដ្ឋាននេះ មានចាប់តាំងពីសម័យបុព្វកាលមក ហើយក៏មានបន្សល់ទុកនូវប្រាសាទបុរាណមួយផងដែរ ដែលគេគ្រប់គ្នាតែងហៅថា ប្រាសាទព្រៃបាសាក់ ។ ប៉ុន្តែអ្វីគួរឲ្យសោកស្តាយ ប្រាសាទបុរាណនេះ ត្រូវបានបាក់បែកខ្ទេចខ្ទី នៅសល់តែគ្រឹះឥដ្ឋប្រាសាទ ធ្លាក់រាយប៉ាយ និងគ្រោងជញ្ជាំងនៅសល់បន្តិចបន្ទួចប៉ុណ្ណោះ ហើយបានសន្មត់ថា ប្រាសាទព្រៃបាសាក់ស្ថិតនៅក្នុងរចនាបទបាខែង ដែលកសាងក្នុងកំឡុងឆ្នាំ៩១៥ ដល់៩២៥ នៃគ.ស។
បច្ចុប្បន្នរមណីដ្ឋានប្រាសាទបាសាក់ក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍ពីរមណីដ្ឋាននេះ ហើយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកសាងរូបព្រះពុទ្ធ បដិមាករសម្រាប់ភ្ញៀវមកទស្សនា និងធ្វើជាកន្លែងសក្ការៈបូជា នៅពេលមានបុណ្យទាន រឺការកំសាន្តនានាក្នុងតំបន់នេះ ម្យ៉ាងទៀតក៏មានលក់ម្ហូបអាហារ យ៉ាងឆ្ងាញ់ពិសា ជូនបងប្អូនពីទីជិតឆ្ងាយមកលេងកម្សាន្តនៅទីនេះផងដែរ៕