(ភ្នំពេញ)៖ គណៈកម្មការក្រមា១០០០ម៉ែត្រ នឹងពន្លាក្រមារវាស់ប្រកាសលទ្ធផល និងប្រគុំតន្ដ្រី «រួមគ្នា ជឿថាខ្មែរធ្វើបាន» នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ ដើម្បីឆ្ពោះទៅកាន់ការបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។
បើតាមសេចក្ដីប្រកាសព័ត៌មាន ការពន្លាក្រមានេះចាប់ពីម៉ោង០៧ព្រឹកតទៅ តាមដងផ្លូវកោះពេជ្រ ខណៈដែលគិតមកដល់ត្រឹមថ្ងៃនេះ ក្រមា១០០០ម៉ែត្រ បានសម្រេច និងលេចរូបរាងឡើងយ៉ាងស្រស់ស្អាតបំផុត ហើយនេះជាជោគជ័យថ្មីដ៏វិសេសវិសាលមួយដែលខ្មែរួមគ្នាសម្រេចបាន។ សមិទ្ធផលដែលទទួលបាននេះ មិនមែនត្រឹមតែការបំបែកឯតទគ្គកម្មពិភពលោកនោះទេ តែអត្ថន័យ និងតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់ក្រមា១០០០ម៉ែត្រ។
ក្រុមា១០០០ម៉ែត្រ គឺជាស្នាដៃមួយដែលកើតចេញពីការរួបរួមគ្នារបស់ប្រជាជនខ្មែរ គ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ ដែលបានចូលរួមត្បាញក្រមាសរសៃៗ ដោយភាពអំណត អត់ធ្មត់ ស្នាមញញឹមពោរពេញដោយទឹកចិត្តក្នុងស្មារតី «រួមគ្នា ជឿថាខ្មែរធ្វើបាន»។
សូមជម្រាបថា ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោក ប្រវែង១០០០ម៉ែត្រ ក្រោមប្រធានបទថា «ជឿថា ខ្ញុំធ្វើបាន ជឿថា យើងធ្វើបាន ជឿថា ខ្មែរធ្វើបាន» ដែលបង្កើតដោយយុវជនកម្ពុជា ដឹកនាំដោយសហភាពសហព័ន្ធកម្ពុជា ក្រោមចលនា «GOGO CAMBODIA»។
ព្រឹត្តិការណ៍ត្បាញក្រមាប្រវែង១០០០ម៉ែត្រ ដើម្បីឈានទៅ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបានបើកធ្វើឡើងជាផ្លូវការ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើសួនច្បារព្រះមេរុ មុខសារមន្ទីរជាតិ ជាប់ព្រះបរមរាជវាំង៕