(កណ្តាល)៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវ 3KD1 ក្រាលកៅស៊ូ DBST ប្រវ៉ែង៧,០០០ម៉ែត្រ និងសំណង់សិល្បការណ៍មួយចំនួននៅក្នុងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ដោយចំណាយថវិកាសាងសង់អស់ប្រមាណ១០,៥៤០ លានរៀល ឬប្រមាណ២.៦លានដុល្លារ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកតា, លោកយាយ, លោកគ្រូ, អ្នកគ្រូ, សិស្សានុសិស្ស, ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងអស់, ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែគិតគូរអំពីសុខទុក្ខ, តម្រូវការ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងតែងតែនៅជាប់ជាប្រចាំជាមួយ ប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

លោកអគ្គបណ្ឌិតសភាចារ្យបានថ្លែងថា សមិទ្ធផលដែលត្រូវបានដាក់សម្ពោធនៅថ្ងៃនេះ គឺជាការជួយដោយផ្ទាល់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងឃុំស្វាយរមៀត និងសម្រួលដល់ការធ្វើដំណើរ របស់អ្នកដំណើរឆ្លងកាត់ទាំងអស់ ជាពិសេសជួយសម្រួលដល់ការមកទទួល យកសេវាសុខាភិបាល របស់ប្រជាពលរដ្ឋពីមណ្ឌលសុខភាព ដែលមានទីតាំងតាមបណ្តោយផ្លូវនេះ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ការអភិវឌ្ឍនៅក្នុងឃុំស្វាយរមៀត ក៏ដូចជានៅគ្រប់ទីកន្លែងដទៃទៀត អាចកើតឡើងបានដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញបរិបូរណ៍ ដែលបានកើតចេញពីនយោបាយឈ្នះ-ឈ្នះ និងដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត នៅឃុំស្វាយរមៀត ក៏ដូចប្រជាពលរដ្ឋទូទៅ ឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីចូលរួមបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម, ភាពចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល ។

លោកអគ្គបណ្ឌិតសភាចារ្យ បានកាត់ខ្សែបូជានិមិត្តរូបនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ 3KD1 និងសំណង់សិល្បការណ៍មួយចំនួន នៅក្នុងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕