(កំពង់ឆ្នាំង)៖ សព្វថ្ងៃនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការគាំទ្រដល់ការបើកដំណើរការ កម្មវិធីឌីជីថល សម្រាប់សាលារៀន នៅវិទ្យាល័យ «ហ៊ុន សែន ទួលខ្ពស់» ដោយមានការគាំទ្រពី TC និង KT។ គោលបំណងនៃគម្រោងនេះ គឺដើម្បីនាំមកនូវការតភ្ជាប់ ទៅសាលារៀននៅទូទាំង ប្រទេសតាមរយៈការបង្កើនការតភ្ជាប់ អ៊ីនធឺណិត ដែលនឹងអនុញ្ញាតឱ្យសាលារៀនភ្ជាប់ ទៅការអប់រំឌីជីថលបន្ថែមទៀត ដើម្បីសម្រាប់សាលាទាំងមូល។ គម្រោងនេះ នឹងទទួលការគាំទ្រ និងសហការបន្ថែមទៀត ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដូចជា ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គការអប់រំអន្តរជាតិ។
ជាមួយនឹងកំណើនផលទុនជាតិសរុប នៅប្រទេសកម្ពុជា (GDP) សរុបជាមធ្យមប្រហែល៧% ក្នុងមួយឆ្នាំ ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្តកំណើនរបស់ខ្លួននាពេលអនាគត។ ការរួមចំណែកសំខាន់ ចំពោះកំណើនរហូតមកដល់ពេលនេះ គឺដោយសារមានសុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស ជាមួយនឹងការបើកទូលាយ នៅក្នុងគោលនយោបាយ ចំពោះការវិនិយោគពីបរទេស។ ក្នុងជំហានបន្ទាប់នៃការអភិវឌ្ឍប្រទេសកម្ពុជា គឺការផ្តោតទៅលើគុណភាពនៃកំណើន។ មានន័យថាប្រទេសកម្ពុជា ត្រូវមានយុទ្ធសាស្រ្តបន្ថែមទៀត ទៅលើផែនការអភិវឌ្ឍន៍របស់ខ្លួន ក៏ដូចជាទាក់ទាញការវិនិយោគ ដែលមានគុណភាពបន្ថែមទៀត ទៅលើវិស័យយុទ្ធសាស្ត្រសំខាន់ៗរបស់ខ្លួន។
ជាក់ច្បាស់ណាស់ថា ការអភិវឌ្ឍនាពេលអនាគតនឹងត្រូវពឹងផ្អែកយ៉ាងខ្លាំង លើបច្ចេកវិទ្យានិងការរួមបញ្ចូលគ្នា នៃវិស័យបច្ចេកវិទ្យា ដើម្បីជួយកែលម្អការសម្រេចចិត្ត ការរៀបចំផែនការ ការប្រកួតប្រជែង និងគុណភាពដ៏ល្អនៃជីវិតសម្រាប់មនុស្សគ្រប់គ្នា។ វាច្បាស់ណាស់ថាបច្ចេកវិទ្យា គឺជាអ្នកកំណត់និន្នាការនានា នៅទូទាំងពិភពលោក។ សំខាន់ជាងនេះទៀត បណ្ដារអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សមាគមន៍អាស៊ាន ITU និង WEF ជាដើម កំពុងលើកទឹកចិត្តដល់ប្រទេសទាំងអស់ ឱ្យទទួលយកនូវបច្ចេកវិទ្យាដែលនឹងជះឥទ្ធិពល ដល់ការអភិវឌ្ឍន៍របស់ប្រទេស ក៏ដូចជាដើម្បីចូលរួមបដិវត្តន៍ឧស្សាហកម្ម លើកទី៤។
ប្រទេសកម្ពុជាត្រូវមានគំនិតផ្តួចផ្តើមខ្លាំង ជាងមុន ដើម្បីចូលរួមសហគមន៍សកលលោក ដើម្បីនាំយកគំនិតនិងការគាំទ្រដ៏ល្អបំផុតពីសហគមន៍ អន្តរជាតិ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការ ជំរុញការអភិវឌ្ឍន៍របស់ខ្លួន និងសម្រេចបាននូវសក្ដានុពលភាព របស់ប្រទេស។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងជួយគាំទ្រ ដល់ការអភិវឌ្ឍប្រទេស ដោយផ្តោតលើគម្រោង និងកម្មវិធីដែលកំពុងជួយកម្ពុជា ក្នុងការធ្វើទំនើបកម្ម និងរៀបចំសម្រាប់វិស័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ។
ផ្អែកលើយុទ្ធសាស្រ្ត និងគោលនយោបាយចតុកោណ របស់រដ្ឋាភិបាលការអភិវឌ្ឍវិស័យទូរគមនាគមន៍ នឹងក្លាយជាកត្តាគន្លឹះក្នុងការគាំទ្រដល់រដ្ឋាភិបាល វិស័យឯកជន សង្គមនិងវប្បធម៌ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ និងគុណភាពនៃការអភិវឌ្ឍន៍សម្រាប់វិស័យទាំងអស់នោះ។
ប្រទេសកម្ពុជាបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងវិស័យទូរគមនាគមន៍ហើយមានតម្លៃប្រើប្រាស់ អ៊ីនធើណិតក្នុងតម្លៃថោកបំផុត ហើយក៏ជាប្រទេសមួយលឿនបំផុត ក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗប្រៀបធៀប ទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់។ នេះបង្ហាញពីការគាំទ្រ និងថាមវន្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនវ័យក្មេង ដែលបច្ចុប្បន្នគឺជាកំលាំងចលករដ៏សំខាន់នៃប្រទេស។ យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ យើងអាចមើលឃើញពីការកើនឡើងចំនួន១០% នៃការតភ្ជាប់ឌីជីថល នៅក្នុងចំណោមប្រជាជននៅតាមបណ្តាប្រទេស ទូទាំងពិភពលោក ដោយផ្តល់នូវការកើនឡើង ដោយផ្ទាល់ដល់ផលិតភាពរបស់ប្រទេសជាតិ ពី ១,២% -១,៣% នៃផលិតផលក្នុងស្រុកសរុប។
នេះគឺជាសូចនាករដ៏រឹងមាំមួយ សម្រាប់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញឱ្យមានគម្រោងត ភ្ជាប់បន្ថែមដូចជា គម្រោង Wi-Fi សាធារណៈ និងការតភ្ជាប់ឌីជីថល ទៅកាន់សាលារៀនជាគម្រោងមួយដែល ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានផ្តួចផ្តើមឡើងហើយ នឹងបន្តគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះនៅទូទាំងប្រទេស។ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (TC) ដើម្បីដាក់ឱ្យដំណើរការគម្រោង Wi-Fi សាធារណៈនៅក្នុងរាជធានីភ្នំពេញ ដោយមានការសហការពីក្រុមហ៊ុន Korea Telecom (ខេធី) ។ ក្រុមហ៊ុនខេធី គឺជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេមួយ របស់ពិភពលោកដែលបានជួយប្រទេសកូរ៉េខាងត្បូង ឲ្យអភិវឌ្ឍខ្លួន ក្លាយជាប្រទេសឈានមុខគេនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា។
យោងតាមចំណាត់ថ្នាក់ពិភពលោក សម្រាប់សន្ទស្សន៍អភិវឌ្ឍន៍ ICT ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានឱ្យដឹងថា ប្រទេសកូរ៉េ ជាប់ចំណាត់ថ្នាក់លេខ ១ ឬទី ២ នៅលើពិភពលោកក្នុងរយៈ ៨ឆ្នាំចុងក្រោយនេះ។ យើងមានសេចក្តីសោមនស្សរីករាយ ដែលមាន KT ធ្វើជាដៃគូដើម្បីជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាកម្ពុជា។ គម្រោង Wi-Fiសាធារណៈកំពុងប្រើបច្ចេកវិទ្យា Wi-Fi ចុងក្រោយបំផុត ពីខេធី។ គម្រោងទាំងនេះ នឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងភ្ញៀវទេសចរកាន់តែច្រើន ដែលជាសសរស្តម្ភសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាចភ្ជាប់អ៊ិនធឺណិតដោយល្បឿនលឿនបំផុត រហូតដល់ ១ ជីហ្គាបៃ ក្នុងមួយវិនាទីនៅក្នុងតំបន់សាធារណៈធំ ៗ ដូចជាសួនច្បារសម្តេចតេជោ ហ៊ុន សែន, សួនច្បារមុខព្រះបរមរាជវាំង និងកន្លែងជាច្រើនទៀត ដែលបានតភ្ជាប់ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត។
លើសពីនេះទៀតយើងសង្ឃឹមថា នឹងបង្កើតកម្មវិធីអប់រំសាធារណៈបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ទីក្រុងស្អាត គ្មានគ្រឿងញៀន និងកម្មវិធីអប់រំស្ទែម (STEM) ។ យើងសង្ឃឹមថា កម្មវិធីសាធារណៈទាំងនេះនឹងជួយ កែលម្អអាកប្បកិរិយា និងការយល់ដឹងរបស់សាធារណៈជន ដើម្បីជួយលើកកម្ពស់សកម្មភាពរួមគ្នា និងផលប្រយោជន៍របស់យើងទាំងអស់គ្នា។ យើងមានគម្រោងគាំទ្រ កម្មវិធីទាំងនេះតាមរយៈការប្រើមូលនិធិសកល និងមូលនិធិ R&D Fund ដែលត្រូវបានគាំទ្រ ដោយក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនផ្តល់ សេវាអ៊ិនធឺណេតទាំងអស់។
យើងក៏សង្ឃឹមផងដែរ ដើម្បីលើកកម្ពស់គំនិតបន្ថែមទៀត ដែលនឹងជួយផ្តល់ឱ្យប្រជាជនកម្ពុជា នូវចក្ខុវិស័យច្បាស់លាស់អំពីការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា និងត្រៀមខ្លួនចូលរួមក្នុងវិស័យសេដ្ឋកិច្ច ឌីជីថលយ៉ាងឆាប់រហ័ស និងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលនឹងផ្តោត លើបញ្ញាសិប្បនិម្មិត អ៊ីនធឺណិតនៅក្នុងការរស់នៅប្រចាំថ្ងៃ និង ការទាញយកទិន្នន័យធំៗ។ នៅពេលអនាគត យើងក៏សង្ឃឹមផងដែរ ក្នុងការសហការជាមួយកម្មវិធីអន្តរជាតិ ជាច្រើនទៀតដូចជា កម្មវិធីទប់ស្កាត់ជំងឺឆ្លងទូទាំងពិភពលោក ដែលនឹងសហការជាមួយប្រទេសជាច្រើន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់នៃជំងឺឆ្លង ទូទាំងពិភពលោកដូចជា H1N1, Zika, Ebola ... ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ប្តេជ្ញាធ្វើការ ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងអស់ក្នុងតំបន់ និងអន្តរជាតិដើម្បីធានាថា រដ្ឋាភិបាលកម្ពុជានឹងធ្វើឱ្យកម្មវិធីទាំងនេះ ជាអាទិភាពក្នុងការជួយធ្វើទំនើបកម្ម ប្រទេសនៅក្នុងគ្រប់វិស័យទាំងអស់ និងដើម្បីអភិវឌ្ឍប្រកបដោយ ចីរភាពជាមួយនឹងការប្តេជ្ញាចិត្ត ចំពោះប្រកបដោយគុណភាព។ អ្វីដែលសំខាន់បំផុតនោះ គឺកម្ពុជាក្លាយទៅជាប្រទេសដ៏ល្អ និងលើកកម្ពស់គុណភាព ជីវិតសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗជំនាន់៕