(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ស្ពឺ បានថ្លែងថា ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយយើងបានរៀបចំការបោះឆ្នោត ជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នាស្រឡាញ់ប្រជាធិបតេយ្យ យើងត្រូវនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា កុំជឿតាមការឃោសនាអកុសល របស់ជនបោកប្រាស់នៅក្រៅស្រុក។
កាថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញចូលរួមកម្មវិធី រៀបចំការពិនិត្យមាត់ធ្មេញ ដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅឃុំភារីមាជ័យ និងការជួបសំណេះសំណាល ជាមួយសមាជិកបក្ស នៅឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះ។ ក្នុងនោះក៏មានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកបរសេដ្ឋ, លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាលស្រុក និងប្រជាជននៅឃុំភារីមានជ័យ និងឃុំស្វាយរំពារ ប្រមាណ៦០០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍ លោកអភិបាលស្រុករួចមក លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងបន្តថា យើងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នឹងបានសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ នឹងបន្តដឹកនាំឱ្យមានការអភិវឌ្ឍ មានការសាងសង់សាលារៀន ស្ពាន ថ្នល់មានក្រាលកៅស៊ូ និងប្រជាជនមានការងារធ្វើ។ សព្វថ្ងៃលែងក្រទៀតហើយ។ យើងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ចាប់ពីឆ្នាំ២០១៦មក។ មានអ្នកលើកឡើងថាយើងក្រ គឺដោយសារតែយើងជំពាក់លុយគេ។ អ្នកជំពាក់លុយគេមិនប្រាកដថា ជាអ្នកក្រទេ ព្រោះថាបើយើងក្រ គេមិនឲ្យលុយខ្ចីទេ។ យើងសព្វថ្ងៃនៅក្នុងសភាពការណ៍មួយ ដែលមានការរីកចម្រើនហើយ។ លោកបានបន្តថា យើងបានសុខសន្តិភាព ដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហើយយើងនឹងបន្តបានសុខសប្បាយ និងមានការអភិវឌ្ឍក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។
រាជរដ្ឋាភិបាលបានគិតគូរផងដែរដល់សន្តិសុខ និងសុខុមាលភាពសង្គម ដោយការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកម្មករ រួមនឹងការផ្តល់របបសន្តិសុខសង្គម ដល់មន្រ្តីរាជការនិងកម្មករ។ ចាប់ពីឆ្នាំ២០១៩ រាជរដ្ឋា ភិបាល ក៏នឹងរៀបចំច្បាប់ឲ្យកម្មករយើង នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការដែរ។ ជាមួយគ្នានោះ ស្រ្តីមានផ្ទៃពោះក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភ ពីពេលមានផ្ទៃពោះ រហូតដល់ពេលសម្រាល និងក្រោយពេលសម្រាល នូវចំនួនថវិកាសរុប៧៦ម៉ឺនរៀល ក្នុងម្នាក់ៗផងដែរ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់ ហើយបងប្អូនប្រជាជនបានឆ្លើយព្រមគ្នាថា ១) បានជាប្រទេសយើងរៀបចំការបោះឆ្នោត គឺដោយសារប្រទេសយើង កាន់របបប្រជាធិបតេយ្យសេរីពហុបក្ស, ២) អ្នកដែលទៅរារាំងថៅកែ មិនឲ្យមកវិនិយោគនៅស្រុកខ្មែរ និងឃោសនាមិនឲ្យប្រជាជន ទៅបោះឆ្នោតគឺជា ជនក្បត់ជាតិ, ៣) យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា គ្រប់ៗគ្នា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ទៅមុខទៀត។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ និងសមាជិកអង្គពិធីទាំងមូលថា នៅថ្ងៃទី២៩ ខែ កក្កដា យើងនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដោយត្រូវគូសឲ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា៕