(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងខិតខំយកចិត្តទុកដាក់ រិះរកគ្រប់មធ្យោបាយ ដើម្បីសម្រួលដល់ការ នាំចេញផលិតផល និងកសិផលកសិកម្មគ្រប់បែបយ៉ាង ទៅកាន់ទីផ្សារអន្តរជាតិ។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន បន្តចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួនប្រមាណជាង ៣,០០០នាក់ ក្នុងបរិវេណវត្តស្រក ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោក វេង សាខុន បានថ្លែងអំណរគុណ ចំពោះលោកប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំស្រក សហការរី និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ លះបង់គ្រប់បែបយ៉ាង ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ទូទៅនៅក្នុងឃុំស្រក ឲ្យមានការរីកចម្រើន។
ជាពិសេសលោក បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងឃុំស្រក ដែលស្មោះស្ម័គ្របោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាកន្លងមក និងបានអញ្ជើញមកចូលរួម ដើម្បីស្តាប់មតិសំណេះសំណាល សាកសួរសុខទុក្ខ និងសារសំខាន់ៗ ទាក់ទងនឹងសភាពការណ៍ទូទៅរបស់ប្រទេសជាតិ និងផែនការអភិវឌ្ឍប្រទេស ជាជំហានបន្ទាប់នាពេលខាងមុខ។
លោក ក៏បានពាំនាំមកជូនប្រជាពលរដ្ឋនៅទូទាំងឃុំស្រក នូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ សម្តេចទាំងពីរតែងតែគិតគូ យកចិត្តទុកដាក់ពីបញ្ហាជីវភាព សេចក្តីសុខទុក្ខរបស់បងប្អូនប្រជាជនគ្រប់ពេលវេលា។
លោកបានជម្រាបជូន ប្រជាពលរដ្ឋពីដំណើរវិវឌ្ឍន៍ របស់ប្រទេសជាតិជាជំហានៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលបានធ្វើពលីកម្ម គ្រប់បែប យ៉ាងក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ដើម្បីផ្សះផ្សា បង្រួបបង្រួម និងឯកភាពជាតិ បញ្ចប់សង្រ្គាម ដឹកនាំប្រទេសចេញពីភាពអសន្តិសុខ អស្ថិរភាព និងភាពក្រីក្រ មកជាប្រទេសមួយមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងជីវភាពរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកំពស់ជាបណ្តើរៗ។
ជាការពិតណាស់ថាសេចក្តីត្រូវការ របស់ប្រជាជនយើង នៅមានទំហំធំធេងណាស់ ដែលចាំបាច់ សម្តេចត្រូវបន្តដាក់ចេញមចក្ខុវិស័យធ្វើការអភិវឌ្ឍ ប្រទេសជាតិឆ្ពោះទៅកាន់ឆ្នាំ២០៣០ ក្នុងការប្រែក្លាយកម្ពុជា ពីប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសមានចំណូល មធ្យមកំរិតខ្ពស់។
ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យនេះ សម្តេចបាននិងកំពុងបន្តខិតខំយកចិត្តទុកដាក់ រិះរកគ្រប់មធ្យោបាយ និងដាក់ចេញនូវយន្តការអនុវត្តច្បាស់លាស់ សម្រាប់អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីសម្រួលដល់ការនាំចេញផលិតផល និងកសិផលកសិកម្មគ្រប់បែបយ៉ាង ទៅកាន់ទីផ្សារអន្តរជាតិ។
ទន្ទឹមនឹងនេះ សម្តេចក៏បន្តយកចិត្តទុកដាក់ជំរុញលើកស្ទួយ វិស័យសេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្មកែច្នៃ ការអប់រំ និងសុខាភិបាលឲ្យមានសន្ទុះខ្លាំងក្លាដែរ រួមជាមួយនឹងការយកចិត្តទុកដាក់បន្ត ក្នុងការរៀបចំធ្វើកំណែរទម្រង់ស៊ីជម្រៅ ដើម្បីអភិវឌ្ឍបែបចិរភាពនិងនិរន្តរ ភាពធានាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ឲ្យបានកាន់តែល្អប្រសើរឡើង។
ជាមួយនឹងការកាត់បន្ថយ ចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយសម្តេចបានប្រកាសលប់បំបាត់ថ្លៃសេវា សាធារណៈមួយចំនួន បញ្ចុះតម្លៃអគ្គិសនី ពន្ធ ប្រេងឥន្ទនៈ ឧបត្ថម្ភស្រ្តីមានផ្ទៃពោះ ស្រ្តីឆ្លងទន្លេ លើកកំពស់សេវាសុខ ភាពសាធារណៈ ដំឡើងប្រាក់បៀវត្សជូនកម្មករ កម្មការនី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា ដែលមានលេខរៀងទី២០ នៅក្នុងសន្លឹកឆ្នោតជ្រើសតាំង តំណាងរាស្រ្តនិតិកាលទី៦ នៃរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំមានបីអាក់ខានឡើយ ដើម្បីយើងទាំងអស់គ្នាបន្តទទួលបាន នូវសុខសន្តិភាព ស្ថិរភាពសង្គម ការភិវឌ្ឍថ្មីៗបន្ថែមទៀត សេចក្តីរីកចំរើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ៕