(ប៉ៃលិន)៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អនុប្រធានគណបក្សខេត្តប៉ៃលិន បានអំពាវនាវឱ្យបុគ្គលិកក្រុមហ៊ុនកាស៉ីណូទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជារូបនេះ ក្នុងឱកាសដែលលោក និងលោក ជា ចាន់ឌិន ប្រធានក្រុមការងារចុះជួយឃុំស្ទឹងកាច់ សំណេះសំណាលជាមួយ បុគ្គលិកក្រុមហ៊ុនកាស៉ី Pailin Flamingo និងក្រុមហ៊ុន JM ចំនួនជិត ៣០០នាក់ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជាមួយគ្នានេះ លោក ផាន់ ចាន់ធុល បានលើកឡើងថា សន្តិភាពដែលទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន តែមួយគត់ បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេ ដោយចាប់ផ្តើមកសាង និងជម្រុញការអភិវឌ្ឍឱ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។
នៅក្នុងឱកាសនោះផងដែរ អនុប្រធានគណបក្សខេត្ត បានបញ្ជាក់ថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព៕