(កណ្ដាល)៖ លោក ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន និងអ្នកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួន២០៨១នាក់។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ីង ប៊ុនហៀង បានណែនាំដល់សមាជិកបក្ស ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ប្រឹងប្រែង បំពេញបេសកកម្មការងារឲ្យបានល្អជូនជាតិ ក៏ដូចជាគណបក្សដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដាប្រព្រឹត្តិទៅបានរលូនត្រឹមត្រូវ តម្លាភាពយុត្តិធម៌ គ្មានអំពើហឹង្សាប្រជាធិបតេយ្យសេរីពហុបក្ស និងទទួលយកបានពីគ្រប់គណបក្សនយោបាយ និងទទួលស្គាល់ពី មតិអន្តរជាតិ។
លោក ហ៊ីង ប៊ុនហៀង បានបន្តថា អ្នកសង្កេតការណ៍ ត្រូវគោរព និងអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់តាមច្បាប់ ត្រូវមានអាកប្បកិរិយាឥរិយាបថទន់ភ្លន់ មានគុណធម៌សីលធម៌ល្អ ចំពោះប្រជាពលរដ្ឋ គណបក្សនយោបាយផ្សេងៗ នៅពេលបោះឆ្នោត ឈរលើអព្យាក្រិតយុត្តិធម៌ ជួយរក្សាសណ្ដាប់ ធ្នាប់សាធារណៈ បានល្អកុំឲ្យមានបញ្ហាមិនល្អកើតឡើងនៅតាមការិយាល័យបោះឆ្នោត។
បើតាមលោក ហ៊ីង ប៊ុនហៀង ចំពោះមន្រ្តីបក្សប្រជាជនកម្ពុជា ត្រូវធ្វើជាគំរូចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឲ្យបានល្អបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយផ្សេងៗ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអាណត្តិទី៦ ធ្វើសកម្មភាពឃោសនាបក្ស នៅតាមមូលដ្ឋានកុំឲ្យមានបាតុភាពកើតឡើង ឬចំណុចអវិជ្ជមានណាមួយនាំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦នេះ។
បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់មន្រ្តីបក្ស ជួយជំរុញណែនាំប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដែលមានលេខរៀងទី២០ ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជារៀងរហូតដើម្បីការពារសន្តិភាព បន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យឆាប់បានរីកចម្រើន ដូចប្រទេសអភិវឌ្ឍន៍នានាលើពិភពលោក ជាពិសេសឆ្លើយតប និងគុណបំណាច់ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះ ប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត និងការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស តាំងពីបាតដៃទទេរហូតដល់មានអ្វីៗ គ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។
លោកសង្កត់ធ្ងន់ថា ត្រូវរក្សាការពារតម្លៃសុខសន្តិភាព ដែលមាននាបច្ចុប្បន្ននេះ ឲ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតរាល់សកម្មភាព បដិវត្តពណ៌នៅកម្ពុជា ត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់ របស់ជនអគតិមួយចំនួន ដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ប្រជាធិបតេយ្យនៅកម្ពុជាខាងមុខនេះ៕