(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៣០ មិថុនា ២០១៨ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនធំ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរា ចំនួន៣០គ្រួសារ នៅភូមិអង់ស្តុក សង្កាត់ឪឡោក ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកា ចំនួន៥ម៉ឺនរៀល។
ពិធីប្រគល់អំណោយនេះ បានរៀបចំឡើងក្រោមវត្តមាន លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខណ្ឌ-សង្កាត់ យ៉ាងច្រើនកុះករ។
លោក ហែម ដារិទ្ធិ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគ អេដស៍ និងអ្នករងគ្រោះផ្សេងៗ និងចាត់ឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ចុះជួយដល់មូលដ្ឋាន ។
លោក ហែម ដារិទ្ធិ បានបន្តទៀតថា ដោយមានការណែនាំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបានណែនាំដល់មន្ត្រីកាកបាទក្រហមសង្កាត់ ចុះស្រាវជ្រាវរកប្រជាពល រដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹងក្នុងមូលដ្ឋាននាំអំណោយ យកទៅជួយឧបត្ថម្ភជាបន្តបន្ទាប់ ដោយមានការចូលរួមពីព្រះចៅអធិការ តាមបណ្តាវត្តនានា។
ជាមួយគ្នានោះ លោកបានណែនាំដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ទាំងអស់សូមកុំអស់សង្ឃឹម ព្រោះនៅមានកាកបាទក្រហមកម្ពុជាដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ និងនាំអំណោយឧបត្ថម្ភដើម្បីជួយសម្រួលដល់ការលំបាកជានិច្ច។ ម្យ៉ាងទៀត សុំត្រូវយកចិត្តទុកដាក់ពីសុខភាព និងត្រូវទៅរកគ្រូពេទ្យនៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋាន ប្រសិន បើមានជំងឺដង្កាត់ផ្សេងៗ។
បន្ថែមពីនេះ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានាដែលតែងតែ ចូលរួមឧបត្ថម្ភតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីនាំអំណោយយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះផ្សេងៗផងដែរ និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ៕