(តាកែវ) ៖ លោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកព្រៃកប្បាសបានច្រានចោលទាំងស្រុងនូវការលើកឡើងរបស់ក្រុមអ្នករិះគន់ដែលអះអាងថា ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្នកាន់តែក្រទៅៗក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ កាលើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យនៅស្រុកព្រៃកប្បាសប្រមាណជាង៤០០នាក់នៅព្រឹកថ្ងៃ សៅរ៏ ទី ៣០ ខែ មិថុនា ឆ្នាំ២០១៨នេះ។
ថ្លែងនៅចំពោះមុខលោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យដែលបានចូលរួមនៅក្នុងពិធីសំណេះសំណាលនោះ លោក ពេជ សោភ័ន បានថ្លែងថា អ្នកដែលចោទប្រកាន់ថា ប្រជាពលរដ្ឋខ្មែរកាន់តែក្រីក្រទៅៗក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺនិយាយមិនមានមូលដ្ឋានអ្វីទាំងអស់។នេះជាសង្រ្គាមចិត្តសាស្រ្តដែលក្រុមអ្នកប្រឆាំងមួយចំនួនបានលើកយកមកវាយប្រហារលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងងងើល និងមិនបានថ្លឹងថ្លែងអ្វីទាំងអស់។លោក ពេជ សោភ័ន បានមានប្រសាសន៏បន្តថា កម្ពុជាបច្ចុប្បន្នដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែនត្រូវបានធនាគារADBចាត់ទុកជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ព្រោះមានប្រទេសតិចតួចណាស់នៅលើពិភពលោកដែលសេដ្ឋកិច្ចមានការកើនឡើងជាង៧ភាគរយជារៀងរាល់ឆ្នាំដូចប្រទេសកម្ពុជា។
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាជាង៧ភារយបានធ្វើឲ្យអត្រាគ្មានការងារធ្វើនៅប្រទេសកម្ពុជាមានតិចតួចបំផុតជាពិសេសអត្រាភាពក្រីក្រដែលកាលពីឆ្នាំ២០១៤មានចំនួន១៣,៥ភាគរយ អាចនឹងធ្លាក់ចុះមកនៅប្រមាណ៩ទៅ១០ភាគរយនៅក្នុងឆ្នាំ២០១៨នេះ។
បើតាមលោក ពេជ សោភ័ន បច្ចុប្បន្នកម្ពុជាមិនស្ថិតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនោះទេ។ ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗទទួលបានប្រមាណ១៤០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ពោលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យម ហើយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយដោយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋកម្ពុជាអាចទទួលបានចំណូល៤០៣៦ដុល្លារនៅក្នុងឆ្នាំ២០៣០ និងបានចំណូលចំនួន១២០០០ដុល្លារនៅឆ្នាំ២០៥០។
លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៏បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអភិវឌ្ឍន៏ប្រទេសអោយមានការផ្លាស់ប្ដូររីកចម្រើនលើគ្រប់វិស័យ។ ប្រជាពលរដ្ឋជាកសិករប្រកបរបរកស៊ី មន្រ្តីរាជការ អ្នកធ្វើការក្នុងវិស័យឯកជន កំពុងតែទទួលបានផ្លែផ្កាពីការអភិវឌ្ឍន៏រីកចម្រើននេះគ្រប់ៗគ្នា ហើយដ៏រាបណាសម្ដេចតេជោ នៅបន្តដឹកនាំប្រទេស ភាពរីកចម្រើននេះនឹងបន្តកើតមានកាន់តែខ្លាំងក្លាថែមទៀតជាក់ជាពុំខាន៕