(កណ្តាល)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការណែនាំ ពីលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បាននាំយកថវិកាជាង១៧លានរៀល ជូនវិទ្យាល័យចំនួន៣ ក្នុងស្រុកល្វាមឯម ខេត្តកណ្ដាល។
អំណោយជាថវិកានេះផ្ដល់ជូនវិទ្យាល័យទាំងបីរួមមាន៖ វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង, វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងវិទ្យាល័យ ហ៊ុន សែន ល្វាសនេះ ដើម្បីផ្ដល់ដល់និស្សិតសិស្សពូកែ, ជូនដល់អ្នកគ្រូ-លោកគ្រូ ព្រមទាំងដល់វិទ្យាល័យទាំង៣។
អំណោយទាំងនេះ ត្រូវបាននាំមកដោយលោក កៅ ថាច និងលោក ផាន់ ផល្លា ដែលរួមមាន៖
១៖ ផ្ដល់ជូនថវិកាចំនួន៩លានរៀល ជូនដល់វិទ្យាល័យចំនួន៣ ដោយក្នុងមួយវិទ្យាល័យ ទទួលបានចំនួន៣លានរៀល សម្រាប់ជូនដល់
លោកគ្រូ-អ្នកគ្រូ ក្នុងការបង្រៀនបន្ថែមដល់ សិស្សានុសិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ ឌុបនាពេលខាងមុខ។
២៖ ផ្ដល់ថវិកាជូនសិស្សពូកែប្រឡងជាប់ កំរិតថ្នាក់ស្រុកចំនួន៦នាក់ ផ្នែកគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ ចំនួន៧លានរៀលក្នុងនោះរួមមាន៖
* ផ្ដល់ជូនសិស្ស ជាប់ចំណាត់ថ្នាក់លេខ១ ចំនួន២រូប ដោយ១រូបៗ ទទួលបាន២លានរៀល។
* ផ្ដល់ជូនសិស្ស ជាប់ចំណាត់ថ្នាក់លេខ២ ចំនួន២រូប ដោយ១រូបៗ ទទួលបាន១លានរៀល។
* ផ្ដល់ជូនសិស្ស ជាបើចំណាត់ថ្នាក់លេខ៣ ចំនួន២រូប ក្នុង១រូបៗ ទទួលបានប្រាក់រង្វាន់៥០ម៉ឺនរៀល។
ដើម្បីថ្លែងអំណរគុណ ដល់វិទ្យាល័យទាំង៣ដែលបានខិតខំ ប្រឹងប្រែងរៀបចំកម្មវិធីសំណេះសំណាល រវាងអគ្គនាយក RDB និងអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស តំណាងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្ដល់ថវិកាចំនួន១,២០០, ០០០រៀល ជូនទៅដល់វិទ្យាល័យទាំង៣ ដោយក្នុង១វិទ្យាល័យទទួលបាន ទឹកប្រាក់ចំនួន៤០ម៉ឺនរៀលផងដែរ។
ក្នុងនោះលោកទាំង២ បានលើកឡើងនូវមតិមួយចំនួនជូនប្អូនៗ និងលោកគ្រូ អ្នកគ្រូឲ្យដឹងដែរថា៖
១៖ តាមរយៈគោលនយោបាយ ដឹកនាំជាតិរបស់រាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាព ជូនប្រទេសជាតិទាំងមូល និងការអភិវឌ្ឍន៍ស្ទើគ្រប់វិស័យ។ ក្នុងនោះ វិស័យអប់រំត្រូវ បានយកចិត្តទុកដាក់ និងធ្វើការកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្ស ដើម្បីលើកទឹកចិត្តបន្ថែមដល់សិស្សត្រៀមប្រឡង បាក់ឌុបទាំងអស់លោក អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ជាសម្ភារៈសិក្សា ជាច្រើនជូនដល់និស្សិតក្នុងវិទ្យាល័យទាំង៣ផងដែរ។
២៖ ស្នើឲ្យប្អូនខិតខំប្រឹងប្រែង រៀនសូត្រដើម្បីធ្វើយ៉ាងណាប្រឡង ឲ្យជាប់បានឌុប និងបន្ដចូលរៀន ក្នុងសាកលវិទ្យាល័យ ហើយអ្វីដែលពិសេសទៀតនោះ ក្នុងសាកលវិទ្យាល័យ ទាំងអស់នឹងមានអាហារូបករណ៍ ជាច្រើនរង់ចាំសម្រាប់អ្នកពូកែផងដែរ។
៣៖ បច្ចប្បន្ននេះ សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើន ជាបន្តបន្ទាប់ ដោយមានវិនិយោគិនជាច្រើន ទាំងក្នុង និងក្រៅប្រទេស មកបន្ដាក់ទុនជាបន្ដបន្ទាប់ ហើយនេះជាឱកាសដល់ល្អបំផុតសម្រាប់ប្អូនៗ ក្នុងការចាប់យកការងារល្អៗ៕