(បាត់ដំបង) ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រ ខេត្តបាត់ដំបង បានថ្លែងថា ដោយសារមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសមាន សម្តេចតេជោនាយកមន្រ្តី ហ៊ុន សែន បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ មានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ សម្បូរសប្បាយរីករាយ មានសន្តិភាព រស់នៅដោយសុខសាន្ត។ សម្តេចបានបន្តថា «បើគ្មានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះទេ យើងក៏គ្មានពេលមកអភិវឌ្ឍប្រទេសជាតិបានដែរ»។
សម្តេច ស ខេង បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកសហគមន៍ទីផ្សារស្រូវ និងអាជីវករ ពាណិជ្ជករប្រមាណ២ម៉ឺននាក់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ការដោះស្រាយ និងរកទីផ្សារស្រូវជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់ និងចម្បងបំផុត ធ្វើឲ្យប្រជាកសិករ និងអាជីវករ ពាណិជ្ជករ បានផលចំណេញដូចគ្នា ហើយមានលទ្ធភាពឈានទៅដល់ការនាំចេញស្រូវ អង្ករ ទៅលក់នៅបរទេសទៀតផង។
ជាមួយគ្នានេះ សម្តេចបានបន្តថា ដើម្បីពង្រឹងគុណភាពស្រូវអង្ករក្នុងកានាំចេញទៅលក់នៅក្រៅប្រទេស បានច្រើននោះ យើងក៏ត្រូវរើសពូជស្រូវឲ្យបានសុទ្ធល្អ ទើបមានគុណភាព បានទិន្នផលខ្ពស់បំពេញតាមតម្រូវការទីផ្សារ តាមស្តង់ដារអន្តរជាតិបានផងដែរ។
សម្តេចបានបញ្ជាក់ថា ទន្ទឹមនឹងការផលិតស្រូវបានច្រើនហើយនោះ ការផលិតស្រូវ និងការធ្វើផ្លូវថ្នល់ត្រូវដើរទន្ទឹមគ្នា ព្រោះផ្លូវថ្នល់ល្អ គឺបានដឹកស្រូវពីស្រែមកផ្ទះបានងាយស្រួល និងការធ្វើដំណើរបានប្រើជាទូទៅសម្រាប់ ប្រយោជន៍សាធារណៈរបស់កសិករ អាជីវករ ពាណិជ្ជករទាំងអស់គ្នាគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវថា បើចង់បានសន្តិភាព ការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានគង់វង្សយូរអង្វែងនោះ គឺត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបោះឆ្នោតគាំទ្រជូន សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី នីតិកាលទី៦ បន្តដឹកនាំប្រទេសប្រកបដោយសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀត៕